កូរ៉េខាងត្បូងបន្តវិធានការគម្លាតសង្គម២សប្តាហ៍ទៀត ក្រោយអត្រាឆ្លងកូវីដកើនឡើង៣ដង
ប្រទេសកូរ៉េខាងត្បូងបានបន្តអនុវត្តវិធានការគម្លាតសង្គមរយៈពេល ២សប្តាហ៍បន្ថែមទៀតនៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ ដោយសារការឆ្លងវីរុសបំប្លែងថ្មីក្នុងប្រទេសកើនឡើងខ្លាំងក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
ការពន្យារវិធានការនេះបានតម្រូវឲ្យភោជនីដ្ឋានទាំងអស់បើកដំណើរការដល់ត្រឹមម៉ោង ៩យប់ និងមានការប្រមូលផ្តុំបានត្រឹម ៦នាក់ប៉ុណ្ណោះ។
វិធានការគម្លាតសង្គមនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យ ទី៦ កុម្ភៈ ចុងសប្តាហ៍នេះ ប៉ុន្តែនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo-kyum និយាយថា ការពន្យារគឺមានភាពចាំបាច់ដើម្បីធ្វើឲ្យការរីករាលដាលវីរុស Omicron មានសភាពយឺត ចំពេលមានការឆ្លងខ្លាំងនៅថ្ងៃបុណ្យឆ្នាំថ្មី (Lunar New Year) ដែលទើបតែបញ្ចប់កាលពីថ្ងៃពុធកន្លងទៅនេះ។
លោកថ្លែងថា «ការបន្ថយល្បឿនរាតត្បាតរបស់ Omicron គឺជារឿងអទិភាពនៅក្នុងកាលៈទេសៈដ៏លំបាក»។
សូមបញ្ជាក់ថា ករណីឆ្លងកូវីដថ្មីនៅកូរ៉េខាងត្បូងកើនឡើងបីដងក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ ប៉ុន្តែចំនួនអ្នកស្លា.ប់ និងករណីធ្ងន់ធ្ងរនៅតែមានកម្រិតទាបក្នុងប្រទេស។
កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដថ្មី ២៧.៤៤៣នាក់ និងស្លា.ប់ ២៤នាក់។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺនៅថ្ងៃសុក្រនេះ។
ចំនួនអ្នកឆ្លងសរុបនៅកូរ៉េខាងត្បូងកើនដល់ជាង ៩៣៥.០០០នាក់ និងស្លា.ប់ ៦.៨៣៦នាក់។
ក្នុងចំណោមប្រជាជនសរុប ៥២លាននាក់ មាន ៨៦ភាគរយទទួលបានការចាក់វ៉ាក់សាំងពេញលេញ ដោយក្នុងនោះមាន ៥៣,៨ភាគរយបានចាក់ដូសជំរុញរួច៕