រដ្ឋាករទឹក អំពាវនាវអតិថិជនក្នុងរាជធានីភ្នំពេញ និងតាខ្មៅ សូមប្រើទឹកស្អាតដោយសន្សំសំចៃ ដើម្បីចែករំលែកទៅដល់តំបន់ជាយក្រុង
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៣ កុម្ភៈ ២០២២ បានសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២២ បច្ចុប្បន្នកំណើន នៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនខ្ពស់ លើសពីសមត្ថភាពផលិត និងពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ (រ.ទ.ស.ភ) សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយអនុវត្តនូវគោលការណ៍ ១១ចំណុច ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង ដែលមានសម្ពាធទឹកខ្សោយ ។
ក្នុងលិខិតជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអោយដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល ។
បច្ចុប្បន្ននេះ រ.ទ.ស.ភ មានរោងចក្រផលិតទឹកស្អាត សរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគុប ក្នុង១ថ្ងៃ ។ ក៏ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្តែងប្រមាណជា ៨សែនម៉ែត្រគុប/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ ។
ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រ.ទ.ស.ភ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤សែនម៉ែត្រគុប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦សែនម៉ែត្រគុប/ថ្ងៃ ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រ.ទ.ស.ភ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគុប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣) ។
ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រ.ទ.ស.ភ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង និងសូមមេត្តាចូលរួមផ្តល់ព័ត៌មាន ឬ សាកសួរអំពីកង្វះទឹកស្អាតមកកាន់ រ.ទ.ស.ភ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០២៣ ៦៣២ ០១៦៨ ឬ ហ្វេសប៊ុកផេករបស់ រ.ទ.ស.ភ ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមថ្លែងអំណរគុណ និងសង្ឃឹម ព្រមទាំងជឿជាក់យ៉ាងមុតមាំក្នុងកិច្ចជួយសហការដោយក្ដីអនុគ្រោះពីសំណាក់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ៕