សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលខិតខំបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាខិតខំបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថា ព្រះរាជាណាចក្រកម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័សនៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ដែលឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅពេលណាដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការបើកសេដ្ឋកិច្ចឡើងវិញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យចំណូលពន្ធដារមានការកើនឡើង ហើយសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អឡើងវិញ ដែលនេះជាចំណុចល្អសម្រាប់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការធានាចំណាយកន្លងមក៕
ដោយៈពលជ័យ