រថយន្តតាកូម៉ាបុកបង្គោលភ្លើងបំភ្លឺផ្លូវមុខស្ថានីយ៍វិទ្យុជាតិកម្ពុជារងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តតូយ៉ូតា តាកូម៉ា មួយគ្រឿងជ្រុលចង្កូតឡើងលើចិញ្ចើមទៅទៅបុក និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមនៅមុខស្ថានីយ៍វិទ្យុជាតិកម្ពុជា បណ្ដាលឱ្យទ្រេត ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ រីឯម្ចាស់រថយន្តបានគេចខ្លួនបាត់ ស្រាប់តែលេចមុខស្ត្រីម្នាក់មកអះអាងថាអ្នកបើកបរទៅវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខស្ថានីយ៍វិទ្យុជាតិកម្ពុជា តាមបណ្ដោយផ្លូវលេខ១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតា តាកូម៉ា មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម2A-7430 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តបង្កបានរេចង្កូតមកខាងឆ្វេងដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវមួយដើមបណ្តាលឲ្យទ្រេត ចំណែករថយន្តខូចខាតខាងមុខផ្នែកខាងស្ដាំយ៉ាងដំណំ និងទៅមុខលែងរួច។រីឯអ្នកបើកបរបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ចេញពីកន្លែងកើតហេតុ។ បន្ទាប់មកក៏លេចមុខស្ត្រីម្នាក់ចុះមកដល់កន្លែងកើតហេតុមកអះអាងថាខ្លួនជាអ្នកបើករថយន្តបង្កទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហួសចិត្តគ្រប់ៗគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ហើយបានសួរនាំទៅលើស្ត្រីម្នាក់ដែលអះអាងថាជាអ្នកបើករថយន្តបង្ករួចបានធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ