ស្លាប់២នាក់ របួសធ្ងន់ម្នាក់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុកគូទរថយន្តកុងតឺន័រកំពុងឈប់ស្តុបពេញទំហឹង

ភ្នំពេញ ៖ បុរសពីរនាក់ មានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូននៅឯមន្ទីរពេទ្យ ចំណែកបុរសម្នាក់ម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយកំពុងឈប់ភ្លើងស្តុបពេញទំហឹង កាលពីវេលាម៉ោង៨និង ៣០ នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២នៅចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនោះទេ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់បើករថយន្តម៉ាក HINO ប្រភេទសណ្ដោងទូរកុងតឺន័រ ក្បាលពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ3A-4422 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ភ្លើងស្តុប ខណះនោះក៍មានបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខព្រៃវែង1Q-5944ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ ចំណែកពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវ។ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ ដោយឡែករថយន្តកុងតឺន័របានព្យាយាមបើកចេញពីកន្លែងកើតហេតុ មកដល់ក្បែរចំណុចខារ៉ាអូខេដាយមិនស្តា ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ទេីបតៃកុងទុករថយន្ដចោលរួចរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ដេីម្បីមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner