សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិក បញ្ជាក់អំពីការរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ជាពិសេស ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា ក្នុងនាមប្រធានអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់អំពីការរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ជាពិសេស ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ។ នេះបើតាមលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅវ៉ាស៊ិនតោនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនឯកឧត្តម ចូ បៃឌិន ដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

នៅក្នុងលិខិតផ្ញើជូនឯកឧត្តម ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ខ្ញុំសូមអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងរបស់ ឯកឧត្តម អញ្ជើញខ្ញុំ និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។ សម្តេច មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិករីកចំរើនទៅមុខបន្ថែមទៀត។

ជាមួយនេះ សម្តេចតេជោ ក៏បានបញ្ជាក់អំពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងជួបជាមួយឯកឧត្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។

សូមបញ្ជាក់ថា យោងតាមលិខិតរបស់ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងសារលិខិតនេះ ឯកឧត្តម ចូ បៃដិន សង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អ នៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។

ឯកឧត្តម ចូ បៃដិន បានបញ្ជាក់បន្ថែមថា៖ សហរដ្ឋអាមេរិក គាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំរំពឹងថា សម្តេចតេជោនាយករដ្ឋមន្តី បានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ខ្ញុំអញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយខ្ញុំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្ញុំសរសេរលិខិតនេះ គឺចង់ទាក់ទងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ផងដែរ ដើម្បីគូសបញ្ជាក់ថា ខ្ញុំរង់ចាំស្វាគមន៍ សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ៏ឆាប់ខាងមុខ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner