ឯកឧត្តម សុខ ប្រសិទ្ធិ សង្កត់ធ្ងន់ៗ ថាកម្ពុជាគោរពយ៉ាងពេញលេញនូវ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាតិនិងបន្តបណ្ដុះបណ្ដាលច្បាប់ស្តីពីរបប សារព័ត៌មាន និងច្បាប់ដទៃទៀតដល់អ្នកសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន រួមជាមួយមន្រ្តី ផ្នែកច្បាប់និងមេធាវីប្រចាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំជាមួយអង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា ដើម្បីពិភាក្សាលើគម្រោងបណ្តុះបណ្តាលច្បាប់ ស្តីពីរបបសារព័ត៌មាននិងច្បាប់ដទៃទៀតដល់អ្នកសារព័ត៌មាន នៅសាលប្រជុំព្រះវិហារទីស្តីការក្រសួង។ លោក ស៊ឹង ម៉ុនវិចិត្រ ប្រធានគម្រោងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានជម្រាបជូនថា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាល ដែលផ្តោតយកចិត្តទុកដាក់ដល់ជនក្រីក្រនៅប្រទេសកម្ពុជា លើសេវាកម្មច្បាប់។

កន្លងមកអង្គការបានជួយសេវាកម្មច្បាប់ដល់ស្ត្រី កុមារ និងអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានចាប់ផ្តើមគម្រោងនៅឆ្នាំ២០១៩ ហើយនឹងបញ្ចប់ដំណាក់ កាលទី១ នៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សកម្មភាពគោលមួយចំនួន ដែលអង្គការបានអនុវត្តទាក់ទង នឹងសេវាកម្ម ផ្នែកច្បាប់រួមមាន៖ ការរៀបចំសិក្ខាសាលាដល់អ្នកសារព័ត៌មាន ប្រជុំជាមួយ អង្គភាពពាក់ព័ន្ធនៅតាមបណ្តាខេត្ត និងការពារក្តី ពិគ្រោះយោបល់ដល់អ្នកសារ ព័ត៌មាន។ អង្គការបានចូលរួមលើកកម្ពស់ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ និងបទ ដ្ឋានគតិយុត្ត។

ជាមួយគ្នានោះលោកប្រធានគម្រោងក៏បានធ្វើរបាយការណ៍អំពីលទ្ធផល នៃ សកម្មភាព ដែល បានអនុវត្តកន្លងមក និងផែនការសកម្មភាព សម្រាប់គម្រោង បន្ទាប់។ លោកប្រធានគម្រោងបាន សំណូមពរដល់ ក្រសួង ព័ត៌មាន ក្នុងការអនុញ្ញាតដល់អង្គការដើម្បីអាចចូលរួមក្នុងកម្មវិធីនានាទាក់ទងនឹងអ្នកសារព័ត៌មាន និងស្នើសុំកិច្ច សម្របសម្រួល និងសហការអនុវត្តគម្រោង របស់អង្គការនៅតាមបណ្តាខេត្ត ជាមួយនឹងមន្ទីរព័ត៌មាន។

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គភាពដែលបំពេញតួនាទីក្នុងការផ្តល់ប្រឹក្សា និងជំនួយផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន ហើយតាមរយៈលិខិត ស្នើសុំមកក្រសួងព័ត៌មាន ដើម្បីស្នើសុំកិច្ចសម្របសម្រួលលើការអនុវត្តគម្រោង បណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀតដល់ អ្នកសារ ព័ត៌មាន និងអនុវត្តតាម គោលការណ៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈ កម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានពិភាក្សា លម្អិតនៅចំណុចសំខាន់ៗមួយចំនួន ក្នុងគម្រោងបណ្តុះបណ្តាលដល់អ្នកសារ ព័ត៌មានរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ហើយគណៈកម្មាធិការនីតិកម្ម នឹងពិនិត្យឱ្យមានភាពសមស្របទៅនឹងច្បាប់ និងគោលការណ៍ក្នុងវិស័យព័ត៌មានក្នុងនាមជាសេនាធិការ ក្រសួងព័ត៌មាន ឬក៏ចូលរួមក្នុងការ ផ្សព្វផ្សាយនិង បណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជាកំពុងគោរពយ៉ាងពេញលេញនូវ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការ បញ្ចេញមតិ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទង នឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ដែរថាក្រសួងព័ត៌មានក្រោម ការដឹកនាំ របស់ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់ និងជួយ សម្របសម្រួលបណ្តុះបណ្តាលផ្សព្វផ្សាយដល់អ្នកសារព័ត៌មានដើម្បីអាចធានា បានការអនុវត្តសិទ្ធិសេរីភាព បញ្ចេញមតិនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងស្របតាមច្បាប់ជាធរមាន។ ក្រសួងបានបង្កើតគណៈកម្មការនីតិកម្ម និងក្រុមមេធាវីប្រចាំ ក្រសួងព័ត៌មាន ដែលសុទ្ធតែជាអង្គភាពជំនាញក្នុងការ អនុវត្តភារកិច្ចដោះស្រាយ និងគាំទ្រផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន ។

ឯកឧត្តមបានគាំទ្រចំពោះរបាយការណ៍ របស់អង្គការ និងបានផ្តល់មតិណែនាំបន្ថែម សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំគម្រោង បណ្តុះបណ្តាល អំពីច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀត ឱ្យមានសង្គតិភាព និងកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បី ចូលរួមលើកស្ទួយ សមត្ថភាពរបស់អ្នកសារព័ត៌មាន ក៏ដូចជាការពារសិទ្ធិសេរីភាព ដែលកំណត់ដោយច្បាប់ធរមាន៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner