ប្រតិភូសមាជិកព្រឺទ្ធសភាបារាំង និងសមាគមកុមារជ័យបន្តបង្កើនការឧបត្ថម្ភ គាំទ្រគម្រោងបង្រៀនភាសាបារាំង និងចលនាបរិស្ថានសាលារៀន នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ប្រតិភូសមាជិកព្រឺទ្ធសភាសាធារណរដ្ឋបារាំង និងសមាគមកុមារជ័យ ប្រទេសបារាំងបានបំពេញទស្សនកិច្ច នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន សាលាបឋមសិក្សាកុមារសង្គ្រោះ, ប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ដើម្បីជម្រុញ គាំទ្រលើការបង្រៀន រៀនភាសាបារាំង និង បំផុសឱ្យមានការគាំទ្រលើកកម្ពស់បរិស្ថាន ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក សុខ ចំណាន នាយកសាលានិងមន្ត្រី លោកគ្រូអ្នកគ្រួ សិស្សានុសិស្សបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាជិកព្រឺទ្ធសភាសាធារណរដ្ឋបារាំង និងសមាគមកុមារជ័យ ប្រទេសបារាំងនេះដែលដឹកនាំដោយ លោក ហ្វ្រង់ស័្វរ ហ្ក្រូសឌីឌីយេ ( H E François Grosdidier ) ជាសមាជិកព្រឹទ្ធសភា និងជាអភិបាលក្រុងម៉េស(Meiz ខេត្តម៉ូហ្សែល័រ (Mozelle); លោកPascal babin ) និងសមាគមកុមារជ័យ ដឹកនាំដោយសាត វិច្ឆិកា ។
ក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក ហ្វ្រង់ស្វ័រ ហ្កូសឌីឌីយេ រំលឹកថា កាលលោកនៅវ័យជំទង់ លោកបានឃើញ និងមានសមានចិត្តជាមួយពលរដ្ឋនិងរដ្ឋាភិបាលបារាំងក្នុងការជួយជនភៀសខ្លួនខ្មែរដែលរត់គេចក្រោយរបបខ្មែរក្រហម ។ តមក លោកក៏ចូលរួមក្នុងសកម្មភាពមនុស្សធម៍របស់អង្គការកុមារជ័យ ដែលបច្ចុប្បន្នមាន លោក សាត វិច្ឆិកា ជាប្រធាន, លោកឪពុកប៉ាស្កាល់ បាបាំង (Pascal Babin) ជាអនុប្រធាន និងអ្នកឯទៀត ក្នុងការជួយបង្រៀនភាសាបាំរាំងនិងគាំពារផ្សេងៗទៀតដល់សិស្សកម្ពុជា ។
ឯកឧត្ដម អ៊ុ រាត្រី បានថ្លែងអំណរគុណចំពោះ លោកសមាជិកព្រឹទ្ធសភាបារាំង និងប្រតិភូ ដែលបានគាំទ្រដំណើរការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតិតេជោហ៊ុន សែន ជាប្រមុខ ។
នាឱកាសនោះដែរ គណៈអធិបតីក៏បានជម្រុញលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបរទេស និងខ្មែរ ខិតខំរកវិធីសាស្ត្របង្រៀនភាសាបារាំង និងសុំឱ្យក្បួយៗសិស្សានុសិស្សបន្តខិតខំរៀនសូត្រឱ្យមានចំណេះជំនាញពិតប្រាកដដើម្បីអនាគតខ្លួន ក្រុមគ្រួសារនិងប្រទេសជាតិ ។
ក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូបានបានទទួលការប្រាស្រ័យនិយាយជាភាសាបារាំង ការផ្តល់សំណេរ និងរូបគំនូរផ្លាស់ប្តូរ ពីសិស្ស កម្ពុជា និង បារាំង ។ បានផ្តល់សញ្ញាប័ត្ររៀនភាសាបារាំងដែលទទួលស្គាល់ជាអន្តរជាតិដល់សិស្សទាំងបីភូមិសិក្សានៅវិទ្យាល័យហ៊ុន សែនខ្លាកូននិងសាលាបឋមសិក្សាកុមារសង្គ្រោះ និងបានផ្តល់កុំព្យួរទ័រដល់សាលារៀនផងដែរ ៕ ដោយ៖ឃិន គន្ធា










