អធិការបតីអាល្លឺម៉ង់៖ ណាតូនឹងរួបរួមឆ្លើយតបប្រសិនបើរុស្សីធ្វើការវាយប្រហារ ប៉ុន្តែបដិសេធមិនពិភាក្សា Nord Stream 2
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN អធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូល លើកឡើងថាក្រុងវ៉ាស៊ីនតោន ក្រុងប៊ែរឡាំង និងអង្គការណាតូគឺមានភាពរួបរួមគ្នាលើវិបត្តិអ៊ុយក្រែន-រុស្សី ប៉ុន្តែលោកបានបដិសេធមិនពិភាក្សាបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលតភ្ជាប់ពីរុស្សីមកអាល្លឺម៉ង់នោះទេ។
នៅពេលដែលត្រូវបានគេសួរថាហេតុអ្វីបានជាលោកមិននិយាយអំពី Nord Stream 2 លោកសូលបាននិយាយថា៖ «គ្រប់ជំហានដែលយើងនឹងធ្វើ យើងនឹងធ្វើរួមគ្នា»។ លោកបន្តទៀតថា៖ «ដូចដែលលោកប្រធានាធិបតីបាននិយាយ យើងគឺកំពុងត្រៀមខ្លួនសម្រាប់រឿងនេះ។ អ្នកអាចយល់បាន ហើយអ្នកអាចប្រាកដបានថា អាល្លឺម៉ង់នឹងនៅជាមួយសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួន និងជាពិសេសសហរដ្ឋអាមេរិក ដែលពួកយើងចាត់វិធានការដូចគ្នា។ វានឹងមិនមានភាពខុសប្លែកគ្នានៅក្នុងស្ថានភាពនោះទេ»។
បើទោះបីជាមានការធានាពីលោកសូលក៏ដោយ បំពង់តម្លៃ ១១ ពាន់លានដុល្លារ ដែលគ្រោងបញ្ជូនឧស្ម័នធម្មជាតិពីប្រទេសរុស្សីទៅកាន់ប្រទេសអាល្លឺម៉ង់ បានធ្វើឱ្យមានស្រមោលលើទស្សនកិច្ចរបស់លោកទៅកាន់ក្រុងវ៉ាស៊ីនតោន។ នៅក្នុងសន្និសីទរួមកាលពីថ្ងៃចន្ទ ប្រធានាធិបតីចូ បៃដិនបាននិយាយថាបំពង់នេះនឹងត្រូវបញ្ឈប់ភ្លាមៗ ប្រសិនបើរុស្សីធ្វើការឈ្លានពានលើអ៊ុយក្រែន។ រីឯលោកសូលវិញបានជៀសវាងសំណួរទាក់ទងនឹង Nord Stream 2៕

ប្រភព៖ CNN