លទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម។

ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ បានអបអរសាទរការចាប់ផ្តើមតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបានអះអាងអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ព្រុយណេ សម្រាប់ជោគជ័យរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាននេះ។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស្និទ្ធស្នាលអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗរបស់អាស៊ាន។

អំពីការពង្រឹងចំណងទាក់ទងកម្ពុជា-ព្រុយណេ ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ដែលព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មានព្រះរាជហរទ័យចង់យាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅមុនកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធនាខែវិច្ឆិកា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលយកដោយសេចក្តីរីករាយចំពោះការអញ្ជើញរបស់ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេដារ៉ូស្សាឡាម តាមពេលវេលាសមស្របដោយភាគីទាំងពីរ និងបានឯកភាពជាមួយសមភាគីព្រុយណេអំពីការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះចៅស៊ុលតង់ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម ស្តីពីការពិគ្រោះយោបល់ទ្វេភាគី។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីគាំទ្រដល់ការបន្ធូរបន្ថយវិបត្តិ និងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនសមភាគីព្រុយណេអំពីផែនការរបស់ឯកឧត្ដម ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេស និងដើម្បីធ្វើទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកច្រក និងមធ្យោបាយ ដែលធានាបាននូវការផ្ដល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាដល់ប្រជាជនទាំងអស់នៅមីយ៉ាន់ម៉ាដែលត្រូវការជំនួយជាបន្ទាន់។ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រពេញទំហឹងដល់ឯកឧត្តម ប្រាក់ សុខុន ក្នុងការបំពេញតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញទស្សនៈស្រដៀងគ្នាចំពោះភាពស្មុគស្មាញនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាំបាច់ត្រូវដោះស្រាយតាមរយៈវិធីសាស្រ្តមួយជំហានម្តងៗ។ ភាគីទាំងពីរ បានឯកភាពគ្នាថា អាស៊ានគួរតែបន្តបង្កើតដំណើរការសន្ទនាមួយប្រកបដោយបរិយាប័ន្ន ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ ដើម្បីបញ្ចប់អំពើហិង្សា ទប់ស្កាត់មិនឱ្យលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ និងទទួលបាននូវសន្តិភាពយូរអង្វែង។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា រួមនឹងសហការីអាស៊ានដទៃទៀត ដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងដើម្បីពង្រឹងបន្ថែមទៀតនូវមជ្ឈភាព និងឯកភាពអាស៊ាន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានទន្ទឹងដល់ការពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន និងអំពីភាពជាដៃគូខាងក្រៅ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាកិច្ចប្រជុំដ៏សំខាន់លើកដំបូងក្នុងចំណោមប្រទេសជាសមាជិកទាំង១០ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner