រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ គោលនយោបាយការបរទេសកម្ពុជាក្នុងស្ថានភាពពិភពលោកដែលប្រែប្រួលយ៉ាងឆាប់រហ័ស មិនប្រាកដប្រជា និងប្រកបដោយគ្រោះថ្នាក់
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជម្រាបជូនគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភាអំពី «គោលនយោបាយការបរទេសកម្ពុជាក្នុងស្ថានភាពពិភពលោកដែលប្រែប្រួលយ៉ាងឆាប់រហ័ស មិនប្រាកដប្រជា និងប្រកបដោយគ្រោះថ្នាក់»។
ឯកឧត្តម ប្រាក់ សុខុន បានជួបប្រជុំការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងជំនួបការងារនោះ ក៏មានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំគណៈកម្មការដទៃទៀតរបស់ព្រឹទ្ធសភា និងថ្នាក់ដឹកនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តោតទៅលើការប្រកួតប្រជែងជាយុទ្ធសាស្រ្តដែលតំបន់ និងពិភពលោកកំពុងជួបប្រទះ រួមទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ ទិសដៅគោលនយោបាយការបរទេស និងការទូតរបស់កម្ពុជា ភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរការកំណែទម្រង់នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្នែកកិច្ចការបរទេស។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការអនុវត្ត ការងារសំខាន់ៗទាំង៥របស់ក្រសួង រួមមាន ការងារធំទី១៖ ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ការងារធំទី២៖ការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន វាងវៃ តបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែងរបស់មហាអំណាចការងារធំទី៣៖ ការចូលរួមចំណែកកាន់តែសកម្មថែមទៀតដល់បុព្វហេតុសន្តិភាព និងស្ថិរភាព និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៃពិភពលោក ការងារធំទី៤៖ ការអនុវត្តការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ និងការងារធំទី៥៖កំណែទម្រង់ផ្ទៃក្នុង ដើម្បីគាំទ្រ និងលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។
ខណៈពេលជម្រាបជូនអំពីភាពជាប្រធានអាស៊ានរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ឆ្នាំ២០២២នេះ កម្ពុជាទទួលយកតួនាទីជាប្រធានប្តូរវេនអាស៊ានក្នុងបរិការណ៍ដែលតំបន់របស់យើងកំពុងរងនឹងសម្ពាធចម្រុះជ្រុង និងក្នុងកម្រិតមិនធ្លាប់មាន ចាប់តាំងពីប្រទេសយើងបានក្លាយជាសមាជិកនៃអង្គការនេះជិត២៣ ឆ្នាំមក។ បន្ថែមពីលើសម្ពាធ និងការប្រឈមបណ្តាល មកពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុត បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមត្រជាក់រវាងមហាអំណាចធំជាងគេនៃពិភពលោក និងវិបត្តិតំបន់កាន់តែជ្រៅទៅៗ ដូចបាន រៀបរាប់ខាងលើនេះ អាស៊ានក៏កំពុងតែប្រឈមនឹងបញ្ហាផ្ទៃក្នុង និងបញ្ហាស្ថាប័នដ៏លំបាកផងដែរ»។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា «ការប្រឈមដូចរៀបរាប់ខាងលើនេះ បានបង្កសម្ពាធមកលើអាស៊ាននាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការកសាងសហគមន៍ ប៉ះពាល់ដល់ការរក្សា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន ពិសេសក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ វាក៏ប៉ះពាល់ដល់ឯកភាព សាមគ្គីភាព ភាពធន់របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការងារសមាហរណកម្មនិងការពង្រីកដៃគូខាងក្រៅជាដើម»។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា «ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ យើងបានជ្រើសរើសនូវមូលបទដែលមានខ្លឹមសារថា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T.: Addressing Challenges Together)។ គោលគំនិតចម្បងគឺដើម្បីបង្ហាញពីសារៈសំខាន់នៃស្មារតីរបស់អាស៊ានក្នុងនាមគ្រួសារដែលមានសមាជិក១០ប្រទេសរួបរួមគ្នាដោយស្មារតីរឹងមាំ និងធ្វើសកម្មភាពរួមដើម្បីសម្រេចបាននូវគោលដៅរួម។ ពាក្យ «ទាំងអស់គ្នា» គឺ យើងចង់សង្កត់ធ្ងន់លើមជ្ឈភាពអាស៊ាន ការឯកភាព និងសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងបង្កើនការរួមចំណែករបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក»។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «ខ្ញុំក៏សូមបញ្ជាក់ដែរថា យើងគាំទ្រជានិច្ចការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក ប៉ុន្តែយើងមិន គាំទ្រការឯកភាពគ្នាណាមួយ សម្រាប់ការប្រឈមមុខដាក់គ្នា ប្រឆាំងគ្នានោះឡើយ។ យើងនឹងខិតខំផ្តោតលើបញ្ហាដែលបង្រួបបង្រួម យើងទាំងអស់គ្នា ជាជាងផ្តោតលើបញ្ហា ដែលជំរុញការបែងចែកគ្នា»។
បន្ទាប់ពីបានជម្រាបជូនគណៈកម្មការអំពីអាទិភាពនានានៅក្នុងសរសរស្តម្ភទាំងបីនៃសហគមន៍ អាស៊ានរួច ឯកឧត្តម ប្រាក់ សុខុនក៏បានលើកឡើងអំពីវិបត្តិនៅមីយ៉ាន់ម៉ា និងអំពីដំណើរទស្សនកិច្ច ការងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់អំពីគោលបំណងចម្បង និងលទ្ធផលប្រកបដោយផ្លែផ្កា នៃបេសកកម្មដើម្បី «បំបែកភាពជាប់គាំង»នេះ៕
ដោយ:ពលជ័យ



