អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃបើកកិច្ចប្រជុំលើរបាយការណ៍ នៃការធ្វើអធិការកិច្ចប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ប្តឹងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងការបំពេញតួនាទីភារកិច្ចមានភាពមិនប្រក្រតី និងបក្ខពួកនិយម ពុករលួយ កាលពីថ្ងៃទីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយមានការចូលរួមអគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រុមការងារអគ្គនាយកដ្ឋានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ។

យោងតាមគេហទំព័រអគ្គាធិការដ្ឋាន បានឱ្យដឹងថា “នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រថា មន្ត្រីពន្ធនាគារខេត្ត ប្តឹងមេកើយខ្លួនឯងជិត១ឆ្នាំហើយ មេនៅតែមេដដែល ថែមទាំងភ្ជាប់មកជាមួយពាក្យបណ្តឹងរបស់មន្ត្រីពន្ធនាគារចំនួន២១រូប ដោយមានចោទប្រកាន់ចំណុចដូចខាងក្រោម៖

  • គ្មានសីលធម៌ វិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី
  • យកគ្រួសារមកនៅកន្លែងធ្វើការ និងចិញ្ចឹមសត្វឆ្កែបង្កភាពកខ្វក់ និងខាំមន្ត្រី
  • ប្រជុំហាមមន្ត្រីមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន
  • បក្ខពួកនិយម គាបសង្កត់មន្ត្រីមិនឱ្យមានការតវ៉ា និងពុករលួយ
  • បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្ត្រីគោរពអ្នកណាក្រៅពីខ្លួន។

ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ AMS ថា កិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ចពាក់ព័ន្ធមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ប្តឹងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាមានជ័យ។ ចំណែកលោក លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ដោយលោកបានបញ្ជាក់ថា “អធិការកិច្ចក្រសួងមហាផ្ទៃបានចុះមកហើយ មានអីសួរទៅហ្នឹងទៅ”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner