ក្រសួង សេដ្ឋកិច្ច និង ក្រសួងទេសចរណ៍ប្រកាសបន្ត លើកលែង ការបង់ពន្ធ ប្រចាំខែ គ្រប់ ប្រភេទ ចំពោះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញប្រកាសរួមគ្នាមួយស្តីពីការអនុវត្ត វិធានការ គោលនយោបាយគន្លឹះសម្រាប់ វិស័យទេសចរណ៍ ។នេះបើយោងតាមសេចក្តីប្រកាសអន្តរក្រសួងចុះថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រកាស អន្តរក្រសួង នេះ បានបញ្ជាក់ ពីការបន្ត លើកលែង ការបង់ពន្ធ ប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយ អគ្គនាយកដ្ឋាន ពន្ធដារហើយមានសកម្មភាពអាជីវកម្ម នៅភ្នំពេញខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុង បាវិត និង ក្រុង ប៉ោយប៉ែត សម្រាប់ ឆមាសទី១ ឆ្នាំ ២០២២ ។
ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្ម ទាំងនោះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង ប្រើប្រាស់ ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រង អាករ លើ តម្លៃបន្ថែម (E-VAT) ជា រៀងរាល់ខែនាអំឡុងពេលនៃការលើក លែងនេះ ។
ពន្ធប៉ាតង់ចំពោះ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ដទៃទៀត ក៏ដូចជាកម្រៃ បន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទក៏ត្រូវបន្តលើកលែងផងដែរ សម្រាប់ឆ្នាំ ២០២២ ប៉ុន្តែអ្នកជាប់ពន្ធមាន កាតព្វកិច្ចធ្វើបច្ចុប្បន្នភាពប៉ាតង់ ។
សេចក្តីប្រកាសបានបញ្ជាក់ថា អាជីវកម្ម ទេសចរណ៍ នៅតែមាន កាតព្វកិច្ច ដាក់ពាក្យ ស្នើសុំ បន្ត អាជ្ញាបណ្ណ ពី ក្រសួង ឬ រដ្ឋបាលមូលដ្ឋានទៅតាមប្រភេទ និងទំហំអាជីវកម្ម ។ រីឯការអនុវត្តគោលនយោបាយ លើកទឹកចិត្ត នៃ ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបន្តសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២៕


