ក្រុមប្រតិភូគ្រូបង្វឹក និងអត្តពលិក កីឡាវាយសី បានចេញដំណើរហើយ ជាមួយ៨ប្រភេទកីឡាផ្សេងទៀត

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមប្រតិភូគ្រូបង្វឹក និងអត្តពលិក កីឡាវាយសី បានចេញដំណើរហើយ ជាមួួយ៨ប្រភេទកីឡាផ្សេងទៀត  កាលពីម៉ោង ១២:៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកានេះ ដើម្បីចូលរួមពិធីបើកការប្រកួត SEA Games ជាផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះ នៅប្រទេសហ្វីលីពីន ដឹកនាំដោយឯ ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្រុមប្រតិភូគ្រូបង្វឹក និងអត្តពលិក កីឡាវាយសី សរុប៩នាក់ ក្នុងនោះប្រតិភូម្នាក់ គ្រូ២នាក់ កីឡាករ៥ និងកីឡាការិនីម្នាក់ ត្រូវប្រកួតលើ៥វិញ្ញាសា វិញ្ញាសាក្រុមបុរស វិញ្ញាសាឯក្កតជន បុរស នារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូចំរុះ ។ ចំណែកឯអត្តពលិក លើ៨ប្រភេទកីឡាផ្សេងទៀត រួមមាន កីឡារាំ វាយសី បាល់ទះក្នុងសាល វាយកូនបាល់ ទោចក្រយានយន្ដ ទ្រីយ៉ាត្លុង សីដក់ បាល់បោះ ៣ទល់នឹង៣នាក់ និងបាល់បោះ ៥ទល់នឹង៥នាក់ ។ ដោយសរុប មាន១២ប្រភេទកីឡាហើយ ដែលបានទៅដល់ហ្វីលីពីន បន្ទាប់ពីកីឡាបាល់ទាត់ U22 កម្ពុជា, គុនល្បុក្កតោ, កាយសម្ព័ន្ធ ទូកក្ដោង និងបាល់ទះឆ្នេរខ្សាច់ ដែលបានទៅដល់កាលពីថ្មីៗ ។

សូមរំឭកថា កាលពីព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជាបញ្ជូន២៤ប្រភេទកីឡាចូលរួម ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយ១៧គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ១២គ្រឿង ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំនេះ កម្ពុជានឹងបញ្ជូន ៣១ប្រភេទកីឡាចូលរួម ហើយប្រភេទកីឡាសេសសល់ នឹងបន្ដចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួតនឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ។

ក្នុងនោះ កម្ពុជាក៏មានកីឡាមានសក្ដានុពល ១០ប្រភេទ ត្រូវបានដាក់ក្ដីរំពឹងប្រជែងមេដាយមាសជូនជាតិផងដែរ រួមមានកីឡាតេក្វាន់ដូ WT ប៉េតង់ ជឺជិតស៊ូ ប្រដាល់គុនខ្មែរ សីដក់ ប្រដាល់សកល វាយកូនបាល់ ល្បុក្កតោ ចំបាប់ និងកីឡាសូហ្វតេន្នីស ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner