អតីតអគ្គលេខាធិការ អ.ស.ប. គាំទ្រចំពោះការបង្កើតឲ្យមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការស្វែងរក ដំណោះស្រាយបញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញៈអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.)បានគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ ជម្លោះ នៅប្រទេសមីយ៉ាន់ម៉ា ។ ការប្រកាសគាំទ្ររបស់ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអ.ស.ប. និងជាសហប្រធាន នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសដែលសម្ដេចតេជោ បានអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ ។

ប្រភពពីទីក្រុងសេអ៊ូលបានបញ្ជាក់ថា នៅក្នុងកិច្ច ពិភាក្សា លក្ខណៈទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវ ក្តីរីករាយដែលបានជួបឯកឧត្តម បាន គីមូន សារជាថ្មីម្ដង ទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកា អ.ស.ប.។

ចំណែកឯកឧត្តម Ban Ki-moon មានប្រសាសន៍ថា ឯកឧត្តម សង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរ ជាមួយនឹងឯកឧត្តមប្រធានាធិបតី មូន ចេ អ៊ីន(Moon Jae-In) នៅថ្ងៃរសៀលនេះ និងសង្ឃឹមថា ទំនាក់ទំនងទ្វេភាគី រវាង កម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និង ទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និង អាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការ លើកឡើងរបស់ឯកឧត្តម បាន គីមូន និងពិតជារីករាយ ដែលបានធ្វើជាសហប្រធានជាមួយឯកឧត្តមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា អង្គការ UPF ពិតជាបានធ្វើការងារ នេះដ៏ល្អ និងសំខាន់ ដែលជាយន្តការមួយសម្រាប់ការ ស្វែង រកសន្តិភាពនៅឧបទ្វីបកូរ៉េ។

សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថា អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូលយកថ្នាក់ដឹកនាំ ពិភពលោក បច្ចុប្បន្ន និងអតីតមេដឹកនាំ មកជួបជុំ នាពេលនេះគឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា យើងគួរតែបន្តធ្វើការរួមគ្នា ដើម្បីគាំទ្រ ក្នុងការពង្រឹងសកម្មភាពរបស់អង្គការ UPF នេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាព។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម បាន គីមូន ក៏មានការ ផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែង រកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការគាំទ្រ នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេសការ ឯកភាពរបស់អាស៊ាន ហើយឯកឧត្តមក៏បានគាំទ្រចំពោះ សម្តេចតេជោជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ ។

ឯកឧត្តម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជា រឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ។ ជាពិសេស ឯកឧត្តមគាំទ្រ ចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ ៕
ដោយៈ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner