កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័ន អង្គភាព ព្រមទាំងដៃគូអភិវឌ្ឍន៍នានាក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិគាំពារសង្គម
កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័ន អង្គភាព ព្រមទាំងដៃគូអភិវឌ្ឍន៍នានាក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិគាំពារសង្គម ក៏ដូចជាច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានកាន់តែទូលំទូលាយ ក្នុងការរួមចំណែកក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
សម្រាប់ទិសដៅអនុវត្តបន្ត បេឡាជាតិសន្តិសុខសង្គម និងស្ថាប័ន អង្គភាព ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាត្រូវបន្តចូលរួមចំណែក៖
– ពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ។
– ពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។
– ជំរុញការដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនឱ្យខានតែបានក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ។
– ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។
– ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។
បើតាម ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានឲ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ គិតត្រឹមឆ្នាំ២០២១ ដែលក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន ១៧ ៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាពចំនួន ១៤ ៦៨៩សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។
ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។ គិតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម បានផ្តល់តាវកាលិកជូនសមាជិករបស់ខ្លួនចំពោះផ្នែកហានិភ័យការងារចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាពចំនួន ១៥៦.២០ប៊ីលានរៀល៕




