ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តត្រូវប្រុងប្រយ័ត្ននិងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលខណៈមេរោគកូវីដបំប្លែងថ្មី”អូមីក្រុង”បន្តឆ្លងកើនឡើង ជារៀងរាល់ថ្ងៃ

      នៅគ្រប់វេទិកា ក្នុងការជួបប្រាស្រ័យជាមួយបងប្អូនប្រជាពលរដ្ឋតាមបណ្តាស្រុកក្រុងក្នុងខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានសម្តែង នូវការព្រួយបារម្ភ ពីការឆ្លងនូវមេរោគកូវីដ-19បំប្លែងថ្មី “អូមីក្រុង”ដែលកំពុងតែកើតមាននៅក្នុងសហគមន៍និងកំពុងតែមកើនឡើងរហូតរាប់រយនាក់ជាប្រចាំ និងគួរឲ្យបារម្ភ។ជាពិសេសពីការឆ្លងរហ័សនៃមេរោគអូមីក្រុង ដែលអាចបង្កធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនិងសុខភាពបងប្អូនប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងនិងអ្នកដែលចាក់មិនទាន់គ្រប់ដូសនៅឡើយឲ្យឆាប់រួសរាន់ទៅចាក់ដូសទី៣(ជាដូសជម្រុញឲ្យបានគ្រប់ៗគ្នា។អ្នកដែលមិនទាន់ចាក់ក៏ត្រូវតែទៅចាក់ដូសមូលដ្ឋានទាំងដូសទី១និងដូសនិងដូសទី២ឲ្យបានត្រឹមតាមការកំណត់របស់ក្រុមគ្រូពេទ្យ និងបន្តចាក់ដូសជម្រុញទី៣បន្ថែម ខណៈដែលពេលនេះមន្ត្រីជួរមុខបម្រើការងារនិងកងកម្លាំងក្នុងខេត្ត ត្រូវបានរាជរដ្ឋាភិបាលផ្តល់វ៉ាក់សាំង ដើម្បីបានចាក់ដូសទី៤ ដែលជាដូសជម្រុញ ទាំងនោះដល់មន្ត្រីនៅក្នុងខេត្តនិងតាមបណ្តាស្រុកក្រុងជាបន្តបន្ទាប់រួចហើយផងដែរ។

      ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំសាខាខេត្តនិងអនុសាខាក្នុងក្រុង – ខេត្តបាត់ដំបង បានអញ្ជើញចុះចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារដែលមកពីសង្កាត់ទាំង១០នៅក្នុងក្រុងបាត់ដំបង ស្ថិតក្នុងវត្តសាមគ្គីរស៊ី (ហៅ វត្តទួលដូនប៉ុក)ក្នុងសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

      តាមការគូសបញ្ជាក់ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងជាប្រធានអនុសាខាកាកបាទក្រហមក្រុង បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋចំនួន២០០គ្រួសារដែលមកទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាថ្ងៃនេះ គឺជាប្រជាពលរដ្ឋមកពីភូមិចំនួន៦២ភូមិនៃសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបង។ក្នុងនោះចាស់ជរាគ្មានទីពឹង ចំនួន៥៨នាក់, គ្រួសារមានជីវភាពក្រីក្រ ចំនួន៩១គ្រួសារ, គ្រួសារជនពិការ ចំនួន ៣៦គ្រួសារ, គ្រួសារផ្ទុកមេរោគអេដស៍ចំនួន១គ្រួសារ, គ្រួសារមានជម្ងឺប្រចាំកាយចំនួន៥គ្រួសារ, ស្ត្រីមានផ្ទៃពោះ និងកុមារតូច ចំនួន៩គ្រួសារ និងគិតជាមនុស្សរាយ ស្នើនិង ៩៨៥នាក់(ស្រី ៥៣១នាក់)។

      ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងពីសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោមប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានថ្លែងថា៖អំណោយមនុស្សធម៌ ដែលចែកដល់បងប្អូនពុកម៉ែនៅថ្ងៃនេះគឺមិនបានប្រកាន់នូវនិន្នាការនយោបាយឬបក្សពួកអ្វីនោះឡើយគឺដើម្បីចែករំលែកជួយដល់បងប្អូនក្រីក្រ និងកំពុងជួបការលំបាកខ្លាំងតែប៉ុណ្ណោះ។ឯកឧត្តមក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ខណៈជំងឺកូវីដ-19បំប្លែងថ្មី”ប្រភេទអូមីក្រុង”បាននិងកំពុងតែឆ្លងចូលក្នុងសហគមន៍កម្ពុជាយើងជារៀងរាល់ថ្ងៃ ហើយនៅខេត្តបាត់ដំបងកន្លងមកនេះក៏មានអ្នកឆ្លងកូវីដបំប្លែងថ្មីអូមីក្រុង ជាង២០នាក់រួចមកហើយផងដែរតែព្យាបាលជាសះស្បើយអស់ហើយ។តែប្រការនេះ ក៏នៅតែគួរឱ្យព្រួយបារម្ភដែរ។

       ឯកឧត្តមក៏បានក្រើនរំលឹកបន្ថែមទៀតថា៖ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្តចូលរួម និងត្រូវពង្រឹងនូវវិធានការក្នុងការទប់ស្កាត់កុំឲ្យមេរោគបំប្លែងថ្មីអូមីក្រុង ឆ្លងរាតត្បាតចូលក្នុងសហគមន៍យើងឲ្យសោះ ដែលបង្កឲ្យហួសកម្រិតពីការទប់ស្កាត់បាន។ដូចនេះបងប្អូនក៏គួរកាត់បន្ថយនូវការជួបជុំពីមកកម្រិតតូចសមល្មមចៀសវាងមានការធ្វេសប្រហែសឆ្លងរាលដាលខ្លាំង។ ជាមួយគ្នានេះបងប្អូនអ៊ុពូមីងទាំងអស់ ក៏ត្រូវអនុវត្តនូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ និងឲ្យម៉ឹងម៉ាត់នូវ៖ ៣ការពារនិង ៣កុំ ឲ្យបានដាច់ខាត។

        ឯកឧត្តម សុខ លូ ក៏បានជម្រុញនិងអំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងសូមទៅចាក់ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការពការឆ្លងកូវីដបំប្លែងថ្មីអូមីក្រុង នៅតាមមណ្ឌលសុខភាពដែលនៅក្បែរមូលដ្ឋានខ្លួនរស់នៅ។

       ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ត្រូវចេះអប់រំទូន្មានប្រដៅកូនចៅ របស់ខ្លួនឲ្យគោរពច្បាប់ចរាចរណ៍ ពេលធ្វើចរាចរបើកបរយានជំនិះនៅតាមដងផ្លូវ ត្រូវពាក់មួកសុវត្ថិភាពនិងខ្សែក្រវ៉ាត់ នៅពេលបើកបរក៏ត្រូវប្រកាន់ស្តាំ និងបើកបរត្រូវគោរពគំនូសនិងស្លាកសញ្ញាលើដងផ្លូវ ហើយត្រូវបើកបរក្នុងល្បឿនកម្រិតកំណត់ដែលស្លាកសញ្ញាចរាចរណ៍លើដងផ្លូវបានណែនាំ។ ដោយឡែក អ៊ុពូមីងដែលមានកូនចៅក៏ត្រូវចេះអប់រំកូនចៅទាំងនោះឲ្យចៀសឆ្ងាយពីគ្រឿងញៀន កុំចង់ភ្លក់ កុំចង់សាក កុំសេព កុំប្រព្រឹត្តនូវទង្វើទុច្ចរិតក្នុងការលាក៎ទុក ឬ ជួញដូរគ្រឿងញៀន ដែលជាទង្វើខុសច្បាប់និងជាប់ទោសទណ្ឌឲ្យសោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner