ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចូលលួចទូរស័ព្ទ Phone 11Pro Max របស់អ្នកជិតខាង

ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ ដែលម្ចាស់គេសាកថ្មនៅក្នុងបន្ទប់ កាលពីវេលាម៉ោង ៧ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នួន អូន អាយុ ៤២ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលត្រង់ចំណុចកន្លែងកើតហេតុ។ ចំណែកនារីរងគ្រោះមានឈ្មោះ ខាន់ ម៉ាលីន អាយុ ២៣ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលនៅកន្លែងកើតហេតុ ។

តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានសាកថ្មទូរស័ព្ទម៉ាក Phone 11Pro Max នៅក្នុងបន្ទប់ហើយបានបើកទ្វារចោល ក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកចេញទៅធ្វើការ ។ ពេលដែលចេញពីបន្ទប់ទឹកវិញស្រាប់តែបាត់ទូរស័ព្ទ ពេលនោះនារីរងគ្រោះក៏បានខ្ចីទូរស័ព្ទបងស្រីម្នាក់ទៀតខលទៅក៏ឮសំឡេងនៅក្នុងបន្ទប់ជួលរបស់ស្ត្រីជាជនសង្ស័យ ទេីបប្រាប់បងប្អូនក្បែរបន្ទប់ជួលឃាត់ស្ត្រីជាជនសង្ស័យមិនឲ្យចេញពីបន្ទប់ ហើយក៏មករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីចុះទៅនាំខ្លួនស្ត្រីជាជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា រូបគាត់ពិតជាបានយកទូរស័ព្ទដៃរបស់នារីរងគ្រោះពិតប្រាកដមែន ដោយសារតែឃើញនារីរងគ្រោះសាកថ្មចោលហើយមិនមានមនុស្សនៅ ទើបខ្លួនបានចូលទៅយកទូរស័ព្ទទុកនៅក្នុងបន្ទប់របស់ខ្លួនតែម្ដង ។

បច្ចុប្បន្ននេះ ស្ត្រីជាជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner