ប្រធាន គ.ជ.ប ប្រាប់អនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតអង់គ្លេសពីការបោះឆ្នោតនៅកម្ពុជា ត្រូវបានកែលម្អទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសពីមួយអាណត្តិទៅមួយអាណត្តិ
ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចចំការបោះឆ្នោត ( គ.ជ.ប) បានទទួលជួបពិភាក្សាការងារជាមួយលោក Marc Thayre អនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ព្រមទាំងសហការី កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។
នៅក្នុងជំនួបភាគីអនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតអង់គ្លេសមានបំណងស្វែងយល់ពីការបោះឆ្នោតក្នុងប្រទេសកម្ពុជា ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះថា លោក Marc Thayre បានថ្លែងអំណរគុណដល់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួប ហើយបានវាយតម្លៃថា តំណែងជាប្រធាន គ.ជ.ប គឺមានការទទួលខុសត្រូវខ្ពស់ណាស់។ ទន្ទឹមនឹងនេះ លោកក៏ចង់ដឹងអំពីការងារអាទិភាពរបស់ គ.ជ.ប ជាអាទិ៍៖ ការអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងសារព័ត៌មាន លក្ខខណ្ឌដើម្បីបោះឆ្នោតបាន កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) និងវិធានការការពារជំងឺកូវីដ-១៩ ក្នុងដំណើរការរៀបចំការបោះឆ្នោត។
ជាការឆ្លើយតប ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះលោក Marc Thayre ដែលចង់ស្វែងយល់ពី គ.ជ.ប កម្ពុជា និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអង់គ្លេស ដែលធ្លាប់បានជួយដល់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ជំនួយដែលរាជរដ្ឋាភិបាលអង់គ្លេសបានជួយដល់ គ.ជ.ប កាលពីឆ្នាំ១៩៩៨ ជាជំនួយបច្ចេកទេស និងច្បាប់ តាមរយៈការផ្ដល់អ្នកជំនាញការមួយចំនួន ហើយសម្រាប់ការបោះឆ្នោតឆ្នាំ២០០២ និងឆ្នាំ២០០៣ អង់គ្លេសបានផ្តល់ជំនួយជាថវិកាជាច្រើនផងដែរ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានកែលម្អទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ពីមួយអាណត្តិទៅមួយអាណត្តិទទួលបានជោគជ័យល្អ។ ចាប់តាំងពីឆ្នាំ២០១៦ មករហូតដល់បច្ចុប្បន្ន ការចុះឈ្នោះបោះឆ្នោតត្រូវបានកែទម្រង់ពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយបញ្ជីបោះឆ្នោតមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធថា មានគុណភាពល្អ ពោលគឺមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនលោក Marc Thayre ទៀតថា ក្នុងក្របខ័ណ្ឌច្បាប់បោះឆ្នោតដែលនៅជាធរមាន គ.ជ.ប បាននិងកំពុងបន្តរៀបចំចាត់ចែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយដើម្បីលើកកម្ពស់ និងបញ្ជ្រាបប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទៅក្នុងវិស័យបោះឆ្នោត គ.ជ.ប បានអនុម័តឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្ថែមថា ចំពោះការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស ច្បាប់បានកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវស្ថិតនៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិក្នុងឃុំ សង្កាត់ ក្នុងប្រទេសកម្ពុជា ដូចនេះ គ.ជ.ប ត្រូវតែគោរព និងអនុវត្តតាមច្បាប់។ ចំណែកឯតួនាទីរបស់អង្គមិនមែនរដ្ឋាភិបាលក៏ត្រូវអនុវត្តទៅតាមច្បាប់ដែរ ក្នុងចូលរួមសង្កេតមើលការបោះឆ្នោត និងចូលរួមអប់រំអ្នកបោះឆ្នោត។ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានតួនាទីសំខាន់ក្នុងការជួយផ្សព្វផ្សាយអ្នកអប់រំ និងផ្ដល់ព័ត៌មានអំពីការបោះឆ្នោតជូនដល់អ្នកបោះឆ្នោត។ កន្លងមកអ្នកសារព័ត៌មានតែងតែទទួលបានព័ត៌មានពី គ.ជ.ប គ្រប់ដំណើរការនៃការបោះឆ្នោតជាងទៀងទាត់។ ម៉្យាងទៀត នៅថ្ងៃបោះឆ្នោត អ្នកសារព័ត៌មានអាចចូលថតនៅក្នុងការិយាល័យបោះឆ្នោតបាន ប្រសិនបើគាត់មានប័ណ្ណជាអ្នកសារព័ត៌មានចេញដោយ គ.ជ.ប។ ឯកឧត្តមក៏បានលើកឡើងអំពីលក្ខខណ្ឌដើម្បីអាចបោះឆ្នោតបាន គឺប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ក្នុងករណីប្រជាពលរដ្ឋអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋនោះត្រូវប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជំនួសវិញ។
មានការព្រួយបារម្ភពីភាគីពាក់ព័ន្ធចំពោះកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)។ ករណីនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ជូនលោក Marc Thayre ថា ទម្រង់បែបបទ ១១០២ ប្រើសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ គឺនៅតែរក្សាទិន្នន័យដូចដែលធ្លាប់បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកដដែល ពុំមានការកែប្រែនោះទេ។ ប៉ុន្តែចំពោះការចម្លងជូនគណបក្សនយោបាយនៅការិយាល័យបោះឆ្នោត តាមច្បាប់តម្រូវឱ្យធ្វើតែ៣ច្បាប់ទេ ដូច្នេះគណបក្សនយោបាយអាចថតនៅមុខការិយាល័យបោះឆ្នោតពេលបិទផ្សាយជាសាធារណៈ ហើយគណបក្សនយោបាយអាចទៅទទួលយកទម្រង់បែបបទ ១១០២ ដដែលនេះ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ក្នុងថ្ងៃបោះឆ្នោតតែម្តង។ ទម្រង់បែបបទ ១១០២ នេះ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ស្គេន (Scan) ដោយផ្ទាល់ រួចបោះពុម្ពចេញពីកុំព្យូទ័រ ហើយចែកជូនតំណាងគណបក្សនយោបាយដែលមានវត្តមាននៅទីនោះ។
ចំពោះករណីជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែ គ.ជ.ប បានត្រៀម និងរៀបចំវិធានការការពារទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលរួចហើយ ទន្ទឹមនេះ ក៏មានការចូលរួមពីអាជ្ញាធរដែនដី ក្នុងការផ្តល់ជាសម្ភារការពារការឆ្លងកូវីដ-១៩ ផងដែរ។
ជំនួបសវនាការប្រព្រឹត្តទៅអស់រយៈពេលមួយម៉ោង ភាគីទាំងពីបានថ្លែងអំណរគុណគ្នាទៅវិញទៅមក រួចបានបញ្ចប់ដោយភាពស្និតស្នាល៕
ដោយៈពលជ័យ


