សមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យនឹងបើកសន្និបាត នាសប្ដាហ៍ខាងមុខដើម្បីប្រមូលថវិកា គាំទ្រមនុស្សចាស់ជិត ៥ម៉ឺននាក់នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ សមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យនឹងបើកសន្និបាត នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២២ខាងមុខដើម្បីប្រមូលថវិកា គាំទ្រមនុស្សចាស់ជិត ៥ម៉ឺននាក់នៅខេត្តបន្ទាយមានជ័យ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម អ៊ី ឡុង ទីប្រឹក្សាឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលបានលើកឡើងក្នុងកិច្ចប្រជុំ គៀងគរមូលនិធិសម្រាប់ ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ី ឡុង មានប្រសាសន៍ទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់និងគិតគូរខ្ពស់ពីសុខទុក្ខ បងប្អូន អ៊ំ ពូ មីង លោកយាយ លោកតា ដែលជាមនុស្សវ័យចាស់ និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា និងបានតាមដាន ណែនាំជាប្រចាំដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះសុខុមាលភាព និងការរស់នៅរបស់មនុស្សវ័យចាស់នៅក្នុងអំឡុងពេលកូវីដ-១៩ និងរដូវត្រជាក់នេះ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបន្តលើកកម្ពស់កិច្ចគាំពារសុខុមាលភាព និងជីវភាពមនុស្សចាស់ឱ្យបានកាន់តែល្អប្រសើរ និងបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិថែមទៀតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ 

ជាមួយគ្នានេះ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងក្រុមគ្រួសារដែលមានមនុស្សវ័យចាស់ សូមបន្តយកចិត្តទុកដាក់តាមដានសុខភាព តម្រូវការមនុស្សវ័យចាស់ លើកស្ទួយវិស័យសុខមាលភាពមនុស្សចាស់គ្រប់មធ្យោបាយនៅមូលដ្ឋាន បន្ដពង្រឹងនិងគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ គោរពសិទ្ធិនិងផ្តល់នូវគុណតម្លៃមនុស្សវ័យចាស់ ចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ -១៩ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមសហគមន៍ ព្រមទាំងចូលរួមថែរក្សាសន្តិភាព ៕
ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner