កំណាត់ផ្លូវជាតិលេខ ៨ ប្រវែងជាង ៥៥គីឡូម៉ែត្រ ចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងថ្ងៃនេះ

កំណាត់ផ្លូវជាតិលេខ ៨ប្រវែងជាង ៥៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ដល់រង្វង់មូលស្វាយអន្ទរ បានចាប់ផ្តើមបើក ការដ្ឋានសាងសង់នៅក្នុងថ្ងៃនេះ ដោយគ្រោងចំណាយថវិកាសរុបជាង ៥០ពាន់លានរៀល ស្មើនឹងជាង ១២លានដុល្លារអាមេរិក និងកំណាត់ផ្លូវ ប្រព័ន្ធលូបង្ហូរទឹកភ្លៀងផ្សេងៗទៀត គ្រោងចំណាយថវិការជាង ២លានដុល្លារអាមេរិកផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកណ្តាល លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សួនច្បារ និងផ្លូវបេតុងអាមេ និងពិធីបើក ការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ ៧០បេ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា សមិទ្ធផលដែលនឹងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ រួមមាន សួនច្បារ ដែលបានចំណាយថវិកាសរុបប្រមាណ ៨៩៧ លានរៀល ស្មើជាង ២២ម៉ឺនដុល្លារអាមេរិក ជាថវិកាបានមកពីសប្បុរសជននានា និងផ្លូវបេតុងអាមេប្រវែង ៣៨៤ម៉ែត្រ បានចំណាយ ថវិកាប្រមាណ ៤៨០លានរៀល ស្មើនឹង ១២ ម៉ឺនដុល្លារអាមេរិក ជាឥណទានថវិការបស់ខេត្តកណ្តាល ឆ្នាំ២០២២ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បន្តថា ក្រៅពីសមិទ្ធផលខាងលើ យើងក៏នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ហេដ្ឋារចនា សម្ព័ន្ធមួយចំនួនផ្សេងទៀត នៅក្នុងថ្ងៃនេះផងដែររួមមាន កំណាត់ផ្លូវជាតិលេខ ៨ ប្រវែងជាង ៥៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ដល់រង្វង់មូលស្វាយអន្ទរ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៥០ពាន់លានរៀល ស្មើជាង ១២លានដុល្លារអាមេរិក និងកំណាត់ ផ្លូវជាតិលេខ ៧០បេ ស្ថាបនាផ្លូវដោយក្រាលបេតុងសរសៃដែក, ប្រវែង ២ ០០០ម៉ែត្រ, ទទឹង ១០ម៉ែត្រ, និងប្រព័ន្ធលបង្ហូរទឹកភ្លៀង, (លូមុខកាត់ ១ ម៉ែត្រ), ប្រវែងជិត ៤ពាន់ម៉ែត្រ, ដោយប្រើប្រាស់ថវិកាវិនិយោគថ្នាក់ជាតិជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) មានចំនួន ជាង ៩ ពាន់លានរៀល ។

ក្នុងពិធីនេះដែរ, ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងឲ្យដឹងថា សម្រាប់ខេត្តកណ្តាល ក្រៅពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សួនច្បារ និងផ្លូវបេតុងអាមេ ស្រុកខ្សាច់កណ្តាលនឹងទទួលបានសមិទ្ធផលថ្មីៗបន្តទៀត ជាក់ ស្តែងនៅក្នុងថ្ងៃនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបើកការដ្ឋានសាងសង់បន្តរួមមាន៖ កំណាត់ផ្លូវជាតិលេខ ៨ ប្រវែងជិត ៤ ពាន់ម៉ែត្រ អ៊ុតកៅស៊ូ AC, កំណាត់ផ្លូវជាតិលេខ ៧០ បេ ប្រវែង ២ពាន់ម៉ែត្រ, ផ្លូវខេត្តលេខ ៣៨១ អា ភ្ជាប់ពីផ្លូវជាតិលេខ ៧០បេ ទៅផ្លូវជាតិលេខ ៨ ប្រវែងជាង ១ ពាន់ម៉ែត្រ, ដាក់លូដោះទឹក ប្រវែងជិត ៤ ពាន់ម៉ែត្រ, ដាក់រ៉ឺហ្គា ១៦២កន្លែង, រៀបខឿនចិញ្ចើញផ្លូវ ប្រវែង ៤ពាន់ម៉ែត្រ និងតម្លើងបង្គោលភ្លើងតាមផ្លូវប្រវែងជាង ២ពាន់ម៉ែត្រ ៕ ប្រភព ៖ កណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner