កូរ៉េខាងត្បូងផ្អាកសកម្មភាពរោងចក្រផលិតថាមពលធ្យូងថ្មប្រមាណ២៥ភាគរយនៅទូទំាងប្រទេស ក្នុងគោលបំណងទប់ទល់ការបំពុលបរិយាកាស
កូរ៉េខាងត្បូង៖ បំផុតកូរ៉េខាងត្បូងបានសម្រេចផ្អាកសកម្មភាពរោងចក្រផលិតថាមពលពីធ្យូងថ្មប្រមាណ ២៥% នៅទូទាំងប្រទេស ស្ថិតក្នុងគោលបំណងទប់ទល់នឹងការបំពុលបរិយាកាស ។

រដ្ឋាភិបាលក្រុងសេអ៊ូលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កូរ៉េខាងត្បូងនឹងផ្អាកដំណើរការរោងចក្រធ្យូងថ្មប្រមាណ ២៥% នៅក្នុងរយៈពេល០៣ខែខាងមុខ (ពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ចុងខែចុងខែកុម្ភៈ ឆ្នាំ២០២០) ដើម្បីកាត់បន្ថយការបំពុលបរិយាកាសដែលជាក្តីកង្វល់ធំមួយ ពីសំណាក់ប្រជាជនកូរ៉េខាងត្បូង និងពិភពលោកទាំងមូល ។

ទន្ទឹមគ្នា កូរ៉េខាងត្បូងក៏បានចោទប្រកាន់ទៅប្រទេសចិនផងដែរថា ជាប្រភពនៃការបំពុលបរិយា កាសផែនដីធំជាងគេបំផុតក្នុងពិភពលោក ហើយក៏បានជះឥទ្ធិពលអាក្រក់នេះមកដល់កូរ៉េខាងត្បូង តាមរយៈខ្យល់អាកាស ។
សូមជម្រាបថា ការសម្រេចចិត្តផ្អាករោងចក្រផលិតថាមពលពីចំហេះធ្យូងថ្មនេះ គឺទំនងជានឹងមិនបង្កប៉ះពាល់ដល់ការផ្គង់ផ្គង់អគ្គិសនីក្នុងប្រទេសប៉ុន្មានឡើយ ព្រោះកូរ៉េខាងត្បូងកំពុងឈានចូលរដូវរងារខ្លាំង ដែលតម្រូវការថាមពលអគ្គិសនីតែងតែធ្លាក់ចុះ ៕ធ.ដ
