សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេ៉រិកនឹងកាត់បន្ថយការចូលរួមចំណែកផ្តល់ហិរញ្ញវត្ថុសម្រាប់អង្គការ NATO
សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាមេ៉រិកនឹងកាត់បន្ថយចូលរួមចំណែកផ្ដល់ហិរញ្ញវត្ថុសម្រាប់អង្គការ NATO ដោយសង្ឃឹមថា បណ្ដាប្រទេសជាសមាជិកដទៃអាចនឹងបំពេញបន្ថែមនូវឱនភាពកញ្ចប់ថវិការបស់ប្លុកយោធាដ៏ធំមួយនេះបាន នេះបើតាមសេតវិមាន ។

បើតាមប្រភពពីមន្ត្រីក្រសួងការពារជាតិអាមេ៉រិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សេតវិមានមានបំណងកាត់បន្ថយការចំណាយមកនៅត្រឹម១៦ភាគរយនៃកញ្ចប់ថវិការសរុបសម្រាប់អង្គការ NATO ខណៈអាល្លឺម៉ង់ចូលរួមចំណែក ១៤.៨ភាគរយ ។ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេ៉រិក នៅឆ្នាំ២០១៧ លោកបានស្នើម្ដងហើយម្ដងទៀតឱ្យសមាជិក NATO ទាំងអស់បង្កើនការកញ្ចប់ថវិការខាងវិស័យការពារជាតិ យ៉ាងហោចណាស់ឱ្យដល់៤ភាគរយនៃ GDP របស់ពួកគេ ។

ប៉ុន្តែប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ និងបារាំងបានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះលោក ត្រាំ ក៏ដូចជាបង្ហាញការសង្ស័យផងដែរ លើការប្ដេជ្ញាចិត្តរបស់អាមេ៉រិកក្នុងការការពារសម្ព័ន្ធមិត្ត រហូតដល់លើកឡើងពីគំនិតចង់បង្កើតកងទ័ពសម្រាប់អឺរ៉ុបទៀតផង ៕ធ.ដ

