ឯកឧត្តមអគ្គនាយកកីឡាក្រើនរំឭកដល់គ្រូជម្រើសជាតិ ត្រៀមចូលរួមប្រកួត ស៊ីហ្គេម ២០២២

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានក្រើនរំឭកដល់គ្រូបង្វឹក គ្រួជំនួយនៃក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ត្រូវតែបន្តកិច្ចខិតខំបន្ថែមទៀត ក្នុងការបង្វឹកដល់កីឡាករ កីឡាការិនី ក៏ដូចជាការងារត្រៀមលក្ខណៈមួយចំនួន ទៀត ដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គនាយក នៅក្នុងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសបើកសិក្ខាសាលា ស្តីពីការរៀបចំផែនការចូលរួមការប្រកួតកីឡាស៊ីហ្គេមដល់ប្រតិភូកីឡាកម្ពុជា ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដែលសិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ទទួលបន្ទុកការងារបច្ចេកទេសផងដែរនោះក៏បានវាយតម្លៃខ្ពស់ចំពោះ ការខិតខំរបស់គ្រូបង្គោល គ្រូជំនួយជម្រើសជាតិនានា ក្នុងការបង្វឹកក្រុមកីឡាករ កីឡាការិនីដែលកំពុងហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅតាមសហព័ន្ធមួយចំនួន ដើម្បីត្រៀមចូលរួម ស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២នេះ។ ការហ្វឹកហាត់ត្រៀមនេះបានដំណើរការតាំងពីដើមឆ្នាំ២០២១ និងមកដល់ដើមឆ្នាំ២០២២នេះ ដោយរយៈពេលនេះ និងក្នុងរយៈពេលត្រៀម ដែលនៅសល់ គឺលោកគ្រូ អ្នកគ្រូបានលះបង់ពេលវេលា ឆន្ទៈ និងការខិតខំចែករំលែកចំណេះដឹងជូនដល់កីឡាករ កីឡារិនីទំាងអស់ ដើម្បីជំរុញឲ្យការចូលរួមប្រកួត ស៊ីហ្គេម ឆ្នាំ២០២២នេះទទួលបានលទ្ធផលល្អជូនជាតិមាតុភូមិ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាគូសបញ្ជាក់ថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាសេនាធិការឲ្យអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គសិក្ខសាលា ស្តីពីការរៀបចំផែនការចូលរួមការប្រកួតកីឡាស៊ីហ្គេមដល់ប្រតិភូកីឡាកម្ពុជាក្នុងការ ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២២ រយៈពេល៣ថ្ងៃនេះមានគ្រូបង្វឹកជម្រើសជាតិមានចំនួន៥៤នាក់ សិក្សាផ្ទាល់ និងសិក្សាតាមកម្មវិធី Zoom ចំនួន១១២នាក់ លើ៣៨ប្រភេទកីឡា។ សិក្ខាសាលានេះមានគោលបំណងឲ្យគ្រូបង្វឹក និងគ្រូជំនួយយល់ដឹង អំពីបេសកកម្មការរៀបចំផែនការ និងស្គាល់តួនាទីភារៈកិច្ចរបស់ខ្លួនប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រកបដោយកិត្តិយស-មោទនភាពជាតិ ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ទទួលបានជោគជ័យជូនជាតិមាតុភូមិ។

លោកប្រធានជម្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបន្ថែមថា ការហាត់ហ្វឹកហ្វឺនក្នុងប្រទេស គឺប្រមូលផ្ដុំសរុប ៥០៤ នាក់ លើប្រភេទកីឡាចំនួន ៣៤ និង១ក្រុមកីឡាប៉ារាំឡាំពិក ក្នុងនោះមានគ្រូបង្វឹក ៩០ នាក់ អនុរក្ស ៣៧ នាក់ កីឡាករ ២៨៤ នាក់ និងកីឡាការិនី ៩៣នាក់ រយៈពេល ៧ខែ ដោយហាត់៦ម៉ោងក្នុង១ថ្ងៃ ពីថ្ងៃចន្ទ ដល់ព្រឹកថ្ងៃសៅរ៍។ ការហាត់ហ្វឹកហ្វឺននេះត្រូវបានចែកជា ៣ដំណាក់កាល ដែលដំណាក់កាលទី១ ជាដំណាក់កាលហាត់កម្លាំងកាយ ៣ខែ ដំណាក់កាលទី២ ហាត់បច្ចេកទេស ៣ខែ ដំណាក់កាលទី៣ ហាត់កលល្បិច ១ខែ។ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការហាត់ហ្វឹកហ្វឺន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដាក់ចេញនូវបទ បញ្ជាផ្ទៃក្នុងនៃហាត់ហ្វឹកហ្វឺន ហូបចុក និងស្នាក់នៅរួម ព្រមទាំងបង្កើតយន្តការ ក្រុមប្រឹក្សាវិន័យ ដើម្បីត្រួតពិនិត្យជាប្រចាំផងដែរ។

ជាមួយគ្នានោះ លោក ប៉ុន សុខ ក៏ស្នើឲ្យគ្រូជម្រើសជាតិទាំងអស់មេត្តាយកចិត្តទុកដាក់ស្តាប់គ្រូទ្ទេសនាម បទពិសោធ និងចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់យកទៅអនុវត្តក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner