វៀតណាមបេីកឱ្យមានគ្រប់ការហោះហើរអន្តរជាតិលើកដំបូងក្នុងពេលជាង ២ឆ្នាំ
ហាណូយ ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress វៀតណាមបានបើកជើងហោះហើរអន្តរជាតិទាំងអស់វិញលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ដោយគេដឹងថា ជាបញ្ហាការរាត្បាតកូវីដ១៩។
ក្នុងពេលត្រៀមបើកទេសចរណ៍ពេញលេញឡើងវិញ ចាប់ពីចុងខែមីនា ២០២២ខាងមុខនោះ ឧស្សាហកម្មទេសចរណ៍នៃប្រទេសវៀតណាម នាថ្ងៃទី១៥ កុម្ភៈ ២០២២នេះ បានបន្តឲ្យមានឡើងវិញ នូវជើងហោះហើរទាំងអស់ គ្មានការរឹតបន្តឹងលើកាលបរិច្ឆេទ ហោះហើរទៀតឡើយ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម ហៅកាត់ថា CCAV បានចាប់ផ្តើមបញ្ចប់ការរឹតបន្តឹង សម្រាប់ជើងហោះហើរអន្តរជាតិទាំងអស់ ទាំងទៅ ទាំងមក គ្រប់ទីផ្សារ ជាលើកដំបូង ក្នុងពេលជាង ២ឆ្នាំមកនេះ មានន័យថា វៀតណាមផ្តើមឲ្យមានការហោះហើរអន្តរជាតិពេញលេញវិញហើយ។
គួររម្លឹកថា កាលពីថ្ងៃទី១ មករា រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឲ្យមានការហោះហើរត្រឹមលក្ខខណ្ឌពាណិជ្ជកម្មប៉ុណ្ណោះ ពីបណ្តាប្រទេសនិងតំបន់មួយចំនួន។ រីឯ កាលពីចុងខែមករា ជើងហោះហើរវៀតណាមបានចាប់ផ្តើមការហោះទៅអូស្ត្រាលី និងអឺរ៉ុប ដែរ ក្នុងពេលមានពិធីបុណ្យចូលឆ្នាំថ្មីនោះ ៕ ប្រែសម្រួលដោយ ៖ សារ៉ាត


