កម្ពុជា-ហុងគ្រី បើកជំនួបធុរកិច្ចលើកទី១តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩”

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបធុរកិច្ចលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩”។ វេទិកានេះ ធ្វើឡើងនារសៀលទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងមកពីវិស័យឯកជន សរុបប្រមាណ ២០០រូប ដែលក្នុងនោះរួមមានក្រុមហ៊ុនកម្ពុជាប្រមាណ១០០ក្រុមហ៊ុន និងក្រុមហ៊ុនហុងគ្រី មានចំនួន២៨ ក្រុមហ៊ុន។

ក្នុងឱកាសនៃការប្រកាសបើកជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យធុរជននិងវិនិយោគិននៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្មនិងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅប្រទេសទាំងពីរ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយបានផ្តោតសំខាន់លើវិស័យសក្តានុពលចំនួន ០៦ រួមមាន៖ (១)កសិកម្មនិងផលិតផលកសិកម្ម (២) បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន (៣) ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ (៤) សេវាកម្មទេសចរណ៍ (៥) ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និង(៦) ផលិតផលកម្មន្តសាល។

ក្នុងជំនួបនេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ថ្មីស្តីការវិនិយោគ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយតំណាងមកពីវិស័យឯកជននៃភាគីទាំងពីរ ក៏បានផ្លាស់ប្តូរនូវបញ្ជីព័ត៌មានក្រុមហ៊ុនសក្តានុពលនាំចេញរវាងកម្ពុជានិងហុងគ្រីនិងបានចែករំលែកព័ត៌មាន ព្រមទាំងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលអាចនឹងជំរុញដល់ការតភ្ជាប់ធុរកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែប្រសើរ ៕ ដោយ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner