ជើងឯករងថ្នាក់ជាតិ ស្រ៊ុន វណ្ណៈ បញ្ជាក់ថា ទោះបីមិនទាន់មានលទ្ធភាពទិញកង់ផ្ទាល់ខ្លួនចូលរួមប្រកួតដូចគេ តែមិនបោះបង់អាជីពមួយនេះ
កីឡាករ ស្រ៊ុន វណ្ណៈជើងឯករងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ លើវិញ្ញាសា កង់គក់ នៅតែចិញ្ចឹមចិត្តខ្ពស់បង្កើនការហ្វឹកហាត់ជានិច្ច ទោះបីរូបគេពុំមានលទ្ធភាពទិញកង់សម្រាប់ហ្វឹកហាត់ និងប្រកួតដូចកីឡាករក្នុងក្រុម។
ស្រ៊ុន វណ្ណៈ បានលើកឡើងថា បច្ចុប្បន្នរូបគេពុំទាន់មានលទ្ធភាពទិញកង់សម្រាប់ហ្វឹកហាត់ និងប្រកួតនៅឡើយទេ ។ប៉ុន្តែការប្រកួត ជ្រើសរើស ជើង ឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលធ្វើនៅខេត្តសៀមរាបកន្លងទៅ គឺទទួលបានចំណាត់ថ្នាក់លេខ២ តែកង់ដែលខ្លួនជិះ គឺ ខ្ចីពីមិត្តរួមក្រុម ។ បើទោះជាមាន កង្វះខាត សម្ភារហ្វឹកហាត់ ក៏មិនមែនជាឧបសគ្គរារាំងឆន្ទៈ ដើម្បីឈានទៅសម្រេចក្តីស្រម៉ៃរបស់ខ្លួនឡើយ ពីព្រោះរាល់ការហ្វឹកហាត់ និងការចូលរួមប្រកួតតែងតែទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្លឹប និងមិត្តរួមក្រុម ។
កត្តានេះទៀបធ្វើ ស្រ៊ុន វណ្ណៈ ប្តេជ្ញាចិត្តថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ខាងមុខនេះ នឹងដណ្តើមយកជ័យលាភីជើងឯកថ្នាក់ជាតិ ឲ្យបាន ដើម្បីឈានទៅសម្រេចក្តីម៉ៃក្លាយជាកីឡាករជម្រើសជាតិប្រកួតតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករទោចក្រយានម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា កីឡាករទោចក្រយាន ស្រ៊ុន វណ្ណៈ បច្ចុប្បន្នមានអាយុ២២ឆ្នាំ បានចូលរួមហ្វឹកហាត់ជាមួយក្លិបកង់រិទ្ធិសែន រយៈពេល៧ខែមកហើយ ការប្រកួតលើកដំបូងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ លើវិញ្ញាប្រកួតកង់គក់ ៕ជាវ ចន្ទូ






