សម្តេចតេជោ ហ៊ុន សែន និងទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញសម្ពោធស្ពានចំនួន ៧កន្លែង ក្នុងនោះ ២កន្លែង នៅខេត្តព្រៃវែង និង៥កន្លែង នៅខេត្តក្រចេះ

ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពាន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានទេរ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះមានដូចជា៖ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬស្ស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។ ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។

គម្រោងនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៩ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គម្រោងសាងសង់ស្ពានចំនួន ៧កន្លែងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១១ ចំនួន ២ ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ លេខ៧ លេខ៨ ផ្លូវជាតិលេខ៧៣ ក្នុងខេត្តក្រចេះ ដែលផ្លូវជាតិលេខ១១ និងលេខ៧៣ មិនមែនជាផ្លូវធំក៏ដោយ ប៉ុន្តែយើងទទួលស្គាល់ថា ផ្លូវទាំងនេះជាផ្លូវសំខាន់ដែលគាំទ្រដល់ការដឹកជញ្ជូនពីខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ដែលផ្លូវទាំងនេះឆ្លងកាត់តំបន់ដែលមានទឹកជំនន់កើតឡើងញឹកញាប់ ហើយស្ពានទាំង ៧ បានសាងសង់រួចនាពេលនេះ មិនមានទទឹងស្ពានតូចចង្អៀត ឬមានហានិភ័យដល់បាក់រំលំស្ពានក្នុងពេលមានទឹកជំនន់នោះទេ ។ ការសាងសង់ស្ពានជំនួសនេះ គឺធ្វើឱ្យយានជំនិះកាន់តែងាយស្រួលក្នុងការឆ្លងកាត់ជ្រួសគ្នា ហើយយើងថែមទាំងពង្រឹងគ្រឹះស្ពានផងដែរ ដើម្បីឲ្យការឆ្លងកាត់បានដោយសុវត្ថិភាពជាងមុន ទោះបីក្នុងករណីមានទឹកជំនន់សដោយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀតដែលជប៉ុនបានជួយនាពេលកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថាជប៉ុន បានផ្តល់កម្ចី និងជំនួយ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ។ ភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបញ្ជូនយន្តហោះពិសេសមកទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកទៅទស្សនកិច្ចទៅជប៉ុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅឆ្នាំ២០១០, ២០១៦ និង២០១៨។ សម្តេចតេជោបានចាត់ទុកការអនុញ្ញាតនេះ គឺជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងពិសេសមួយរវាងកម្ពុជា និងជប៉ុន។ សម្តេចតេជោចង់ឱ្យមានការធ្វើសមយុទ្ធរវាងកម្ពុជា និងជប៉ុន តែសមយុទ្ធនោះ ធ្វើឡើងពាក់ព័ន្ធនឹងការជួយសង្គ្រោះពេលជួបគ្រោះមហន្តរាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅថ្មីៗនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បញ្ហារបស់មីយ៉ាន់ម៉ា មិនអាចរឹងពេក ឬទន់ពេកបាននោះឡើយ។ សម្តេចតេជោបានបន្តថា ប្រសិនបើនៅតែរបៀបនេះយ៉ាងហោចណាស់៥ឆ្នាំទៀត បញ្ហារបស់មីយ៉ាន់ម៉ា គឺដោះស្រាយមិនទាន់បានផង។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរគ្រប់ខេត្ត ផ្តល់បរិយាកាសឱ្យបក្សនយោបាយដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនបាន។

ទាក់ទងនឹងស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោនៅតែបន្តពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់បង្ការជំងឺនេះទាំងអស់គ្នា ជាពិសេសការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលស្ពានទាំង៧ដែលជាអំណោយរបស់មិត្តជប៉ុននៅថ្ងៃនេះ។ នៅចុងបញ្ចប់នៃកម្មវិធី សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានទាំង៧នេះ ចាប់ពីពេលនេះតទៅ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner