គេហទំព័រក្រសួងការពារជាតិអ៊ុយក្រែន និងធនាគារចំនួនពីរត្រូវបានគេសង្ស័យថារងការវាយប្រហារ
កាលពីថ្ងៃអង្គារ ទី១៥ កុម្ភៈនេះ គេហទំព័ររបស់ក្រសួងការពារជាតិអ៊ុយក្រែន និងកម្មវិធីទូទាត់ប្រាក់របស់ធនាគារចំនួនពីរបានជួបប្រទះបញ្ហា ខណៈពេលដែលអាជ្ញាធរសន្តិសុខសារគមនាគមន៍របស់ប្រទេសនេះហាក់ដូចជាចោទប្រកាន់រុស្សីថានៅពីក្រោយបញ្ហាទាំងនេះ។

សារមួយនៅលើទំព័រដើមនៃគេហទំព័រក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរថាគេហទំព័រនេះគឺកំពុងស្ថិតក្រោមការជួសជុល។ ក្រសួងបានសរសេរនៅលើបណ្ដាញសង្គម Twitter ថាគេហទំព័ររបស់ខ្លួនគឺទំនងរងការវាយប្រហារតាមអ៊ីនធឺណិត ហើយពួកគេគឺកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្ដារដំណើរការឡើងវិញ។
ធនាគារ Oshadbank បានរាយការណ៍ថាខ្លួនក៏បានរងការវាយប្រហារផងដែរ ដែលបានធ្វើឱ្យប្រព័ន្ធរបស់ខ្លួនមានល្បឿនយឺតជាងមុន។ មជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មានរបស់អ៊ុយក្រែនបានរាយការណ៍ថាធនាគារ Privatbank ក៏បានរងការវាយប្រហារផងដែរ ដោយមានអតិថិជនជាច្រើនបានរាយការណ៍ថាពួកគេជួបបញ្ហាក្នុងការទូទាត់ប្រាក់ និងការប្រើប្រាស់កម្មវិធីរបស់ធនាគារ។
ក្រុងកៀវមិនបានចោទប្រកាន់ថានរណានៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែមជ្ឈមណ្ឌលខាងលើហាក់ដូចជាចោទប្រកាន់រុស្សី ដោយសរសេរក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «វាមិនត្រូវបានគេច្រានចោលទេថាបុគ្គលអរិភាពបានប្រើយុទ្ធសាស្ត្រនៃល្បិចកខ្វក់តូចតាច ដោយសារតែផែនការរបស់វាមិនដំណើរការជាទ្រង់ទ្រាយធំៗ»។
រដ្ឋាភិបាលរុស្សីនៅមិនទាន់ធ្វើការអត្ថាធិប្បាយលើព្រឹត្តិការណ៍នេះទេ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឱ្យតម្រុយពីមុនមកថាខ្លួននឹងឆ្លើយតបនឹងការវាយប្រហារតាមអ៊ីនធឺណិតពីរុស្សី បើទោះបីជាព័ត៌មានលម្អិតនៅមានកម្រិតនៅឡើយ។