ជប៉ុនគិតគូរក្នុងការលុបចោលតម្រូវការចត្តាឡីស័កសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ
ជប៉ុនកំពុងតែធ្វើការពិចារណាក្នុងការលុបចោលនូវតម្រូវការចត្តាឡីស័កសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ មកពីប្រទេសដែលមិនសូវមានការផ្ទុះរាលដាលនូវជំងឺកូវីដ-១៩ខ្លាំង។ វិធានការថ្មីនេះអាចនឹងចាប់ផ្ដើមនៅខែក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុននីកេ។

ចាប់តាំងពីផ្ទុះវ៉ារ្យង់អូមីក្រុងនៅខែវិច្ឆិកាមក ជប៉ុនបានរឹតបន្តឹងវិធានការសុខាភិបាលតាមព្រំដែនរបស់ខ្លួន ដោយតម្រូវឱ្យអ្នកដំណើរមិនថាជនជាតិជប៉ុន ឬ បរទេសធ្វើចត្តាឡីស័កយ៉ាងតិច ៧ថ្ងៃ។ បន្ថែមពីនេះទៅទៀត ជប៉ុនក៏កម្រិតឱ្យអ្នកដំណើរចូលមកស្រុកខ្លួនត្រឹមចំនួន ៣ ៥០០នាក់ក្នុងមួយថ្ងៃ។
យ៉ាងណាមិញ ចំពោះវិធានការថ្មី ដែលនឹងប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា នៅពេលខាងមុខនេះនឹងលុបចោលនូវតម្រូវការសុខាភិបាលចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញ ដោយនៅរឹតបន្តឹងតែចំពោះប្រទេសមួយចំនួនប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ប្រទេសអាស៊ីខាងកើតមួយនេះគ្រោងបង្កើនចំនួនអ្នកដំណើរប្រចាំថ្ងៃឡើងទៅដល់ ៥ពាន់នាក់។ កាលពីឆ្នាំ២០១៩ ជប៉ុនទទួលអ្នកដំណើរមួយថ្ងៃៗប្រមាណ ៨ម៉ឺននាក់ឯណោះ។
យ៉ាងណមិញនៅក្នុងរង្វង់គណបក្សកាន់អំណាចជប៉ុន គេសង្កេតឃើញថាមានការអំពាវនាវនានាឱ្យរដ្ឋាភិបាលបើកព្រំដែនកាន់តែទូលាយជាងនេះទៅទៀត ជាពិសេសគឺបើកផ្លូវសម្រាប់សិស្ស និស្សិតបរទេស ដើម្បីមកសិក្សានៅប្រទេសជប៉ុន៕