ស៊ី ជីនភីងដាក់បញ្ជាឱ្យរដ្ឋបាលដែនដីហុងកុងចាត់វិធានការចាំបាច់នានាដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានដាក់បញ្ជាឱ្យរដ្ឋបាលដែនដីហុងកុងចាត់វិធានការចាំបាច់នានា ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុងនិន្នាការគាំទ្ររដ្ឋការទីក្រុងប៉េកាំង Wen Wei Po ចុះផ្សាយកាលពីថ្ងៃពុធកន្លងទៅ។

កាសែតនេះគ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋធានីប៉េកាំងតាមរយៈការិយាល័យរដ្ឋបាលរបស់ខ្លួននៅហុងកុង។
សារព័ត៌មាននេះបានស្រង់យកសម្ដីរបស់លោកស៊ីថា៖ «រដ្ឋាភិបាលហុងកុងត្រូវតែបំពេញនូវទំនួលខុសត្រូវចម្បងរបស់ខ្លួន ដើម្បីគ្រប់គ្រង និងធ្វើឱ្យស្ថានភាពជំងឺរាតត្បាតសកលមានស្ថិរភាពឱ្យកាន់តែឆាប់ ហើយចាត់ទុកកិច្ចការនេះជាអាទិភាពចម្បងរបស់ខ្លួន។
«[រដ្ឋបាលហុងកុង] ត្រូវតែប្រមែប្រមូលធនធាននានា ដែលអាចប្រមូលបាន និងចាត់វិធានការចាំបាច់នានា ដើម្បីធានាសុវត្ថិភាព និងសុខភាពប្រជាជនហុងកុង ក៏ដូចជាធានាស្ថិរភាពសង្គមហុងកុង»។ នេះបើតាមការបន្ថែមរបស់លោក ស៊ី។
ជាមួយគ្នានេះដែរ មេដឹកនាំកំពូលចិនមួយនេះបានប្រតិភូកម្មការងារឱ្យលោក Han Zheng ឧបនាយករដ្ឋមន្ត្រីចិនទទួលបន្ទុកកិច្ចការហុងកុង ពាំនាំគោលការណ៍ណែនាំរបស់លោកទៅកាន់ដែនដីហុងកុង។ នេះបើតាមការចុះផ្សាយរបស់ប្រភពខាងលើ។
ករណីវិជ្ជមាននៅតំបន់ហុងកុងកើនឡើងនៅខែកុម្ភៈនេះ ដោយគិតត្រឹមថ្ងៃទី១៤ កុម្ភៈ ហុងកុងកត់ត្រាករណីវិជ្ជមានប្រចាំថ្ងៃចំនួន ១ ៤៤៨ករណី។ អ្នកស្រី ការី ឡាម ប្រមុខប្រតិបត្តិហុងកុងបានលើកឡើងកាលពីពេលកន្លងទៅថា មិនមានផែនការក្នុងការបិទខ្ទប់ទេ តែទទួលស្គាល់ថា ដែនដីនេះកំពុងតែរងការវាយលុកដោយកូវីដ-១៩ប្រភេទអូមីក្រុង៕