ADBអនុម័តប្រាក់កម្ចីជិត ១០០លានដុល្លារដល់កម្ពុជា សម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ

 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រួមមាន ការចាក់វ៉ាក់សាំងជំរុញប្រចាំឆ្នាំ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង ការចាក់វ៉ាក់សាំងមូលដ្ឋាន សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ។ នេះបើយោងតាមគេហទំព័រ ផ្លូវការរបស់ADB។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB មានប្រសាសន៍ថា គម្រោង នេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និង​បង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។

ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារ ផងដែរ ដើម្បីជួយកម្ពុជា​បង្កើនប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន និងផ្គត់ផ្គង់​វ៉ាក់សំាង ព្រមទាំង​កាត់​បន្ថយបញ្ហាប្រឈមក្នុងការទទួល​បាន​វ៉ាក់សំាង​ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។

ជាមួយគ្នានោះដែរ ADB បាន​កោតសរសើរប្រទេសកម្ពុជា​ទទួលបានជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​គ្រប់គ្រង​ការរីករាលដាលនៃកូវីដ១៩​ ក្នុងឆ្នាំ២០២០។ ​ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បាន​បង្កជាសម្ពោធ​យ៉ាង​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធថែទាំសុខភាព ​ហើយ​បណ្តាល​ឱ្យមានការបិទសាលារៀន និង​អាជីវកម្មជាច្រើន ​មួយរយៈពេលធំក្នុងឆ្នាំនោះ។

ប្រភព បានបន្តទៀតថា ប្រទេសកម្ពុជា​បានផ្តល់ចាក់វ៉ាក់សាំង​យ៉ាងពេញលេញដល់​ប្រជាពលរដ្ឋ​ប្រមាណ ​៨០% នៃប្រជាពលរដ្ឋសរុប ១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ​ចាក់​វ៉ាក់សាំងថ្នាក់​ជាតិ នៅថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២១មក។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុង​ចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% ​បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។

ទោះបីជាយ៉ាងនេះក្តី​ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅតែងាយរងគ្រោះចំពោះការកើនឡើង​នៃការ​ឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។

បន្ថែមពីលើប្រាក់កម្ចី ដែលបានមកពីមូលនិធិសម្រាប់​ការ​ទទួល​បានវ៉ាក់សាំងនៅ​អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬហៅកាត់ថា APVAX) ធនាគារវិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) រំពឹងថា នឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥០លានដុល្លារ​ បើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន។

គម្រោងខាងលើ ជាការគាំទ្របន្ថែម​ទៅ​លើជំនួយ​ទាក់ទង​នឹងកូវីដ១៩ កន្លងទៅ​របស់​ADBដល់កម្ពុជា។ ​កាលពីថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ​ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព ​សង្គម និង​សេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៥ មក ADB បានគាំទ្រ​គម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់​ក្រសួងសុខាភិបាលកម្ពុជា។ ​នៅខែតុលា ឆ្នាំ២០២១ ADB បានអនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន ៣០ លានដុល្លារសម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ​ (Greater Mekong Subregion Health Security Project) ​ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមាន​ការកើនឡើងនៃករណីជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ​ វិបុលភាព ​បរិយាប័ន្ន ភាពធន់ ​និងនិរន្តរភាព ​ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក​ ស្របជាមួយ​នឹងការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រខ្លាំងផងដែរ៕

ads banner