លោក ឃឹម បូរី បានសម្រេចបំណងប្រាថ្នាក្លាយជាគ្រូបង្វឹក ក្នុងជីវិត
អតីតខ្សែការពារដ៏មុតស្រួចរបស់ក្លិបណាហ្គាវើលដ៍ ឃឹម បូរី ដែលមានបំណងប្រាថ្នាដ៏ធំក្នុងជីវិតចង់ក្លាយជាគ្រូបង្វឹកក្រោយបញ្ចប់អាជីពជាកីឡាកនោះ ពេលនេះក្តីបំណងប្រាថ្នានេះបានក្លាយជាការពិតហើយ ក្នុងឋានៈជាគ្រូបង្គោលក្លិបណាហ្គាវើលដ៍។ កាលពីខែឧសភា ឆ្នាំ២០២១ អតីតកីឡាខ្សែប្រយុទ្ធរបស់ណាហ្គាវើលដ៍រូបនេះបានបង្ហាញពីគោលបំណង ចង់ក្លាយជាគ្រូបង្វឹក នាពេលអនាគត ប៉ុន្តែរយៈពេលនេះហាក់ដូចជាលឿនខ្លាំងសម្រាប់លោក ដោយ លោក ឃឹម បូរី ត្រូវបានក្លិបបាល់ទាត់ណាហ្គាវើលដ៍ផ្តល់ការតែងតាំងជាគ្រូបង្វឹកតែម្តង។
លោក ឃឹម បូរី គូសបញ្ជាក់ថា «ខ្ញុំពិតជារីករាយណាស់ ដែលក្លិបបានផ្តល់ឱកាស និងផ្តល់សេចក្តីទុកចិត្តដល់ខ្ញុំ។ ប៉ុន្តែយើងត្រូវការបទពិសោធជាច្រើនបន្ថែមទៀត ក៏ដូចជាមនុស្សជុំវិញខ្លួនយើងជួយជ្រោមជ្រែង ទាំងយោបល់ និងបទពិសោធបន្ថែម។ ក្នុងដំណែងដំបូងនេះ ខ្ញុំកំពុងខិតខំនៅក្នុងការងារនេះ ហើយខ្ញុំត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីកសាងសមត្ថភាពបង្វឹកដល់កីឡាករ។ បាល់ទាត់ គឺលំបាក មិនងាយស្រួលធ្វើនោះទេ ដូច្នេះ វាត្រូវការពេលវេលាបន្ថែមច្រើនទៀត»។
អតីតកីឡាករជម្រើសជាតិកម្ពុជាប្រកបដោយទេពកោសល្យ និងសម្បូរដោយបទពិសោធន៍ដ៏ច្រើនរូបនេះក៏បានបង្ហាញនូវក្តីស្រមៃរបស់ខ្លួនមួយទៀត គឺចង់ឃើញយុវជន នឹងកីឡាករកម្ពុជាមានឱកាសលេងនៅក្លឹបក្រៅស្រុកឲ្យជាច្រើននាក់ ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ អ្វីដែលដែលពិសេសនោះ គឺលោក ឃឹម បូរី ចង់ឃើញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ម្តងទៀត) នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាពិសេសគឺនៅពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាតែម្តង។
ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក ឃឹម បូរី បានក្លាយជាគ្រូបង្វឹកនៃក្លិបអាជីពមួយ ដែលត្រូវតតាំងជាមួយក្លិបចំនួន៧ទៀត ដែលកំពុងឈរជើង ក្នុងការប្រកួត ខេមបូឌានព្រីមមៀរលីគ រដូវកាល ២០២២ នាពេលខាងមុខឆាប់ៗនេះ។
ក្រោយពីបញ្ចប់អាជីពជាកីឡាករ លោក ឃឹម បូរី ជាអ្នកឈរបញ្ជាការកូនក្រុម ជាក់ស្តែងការប្រកួតពានរង្វាន់ នរង្វាន់ Cambodia Airways Cup លើកទី២ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានដឹកនាំក្រុមណាហ្គាវើលដ៍ប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដោយបានយកឈ្នះ ១ទល់០។ Cambodia Airways Cup គឺជាព្រឹត្តិការណ៍ប្រកួតត្រៀមការប្រកួត ខេមបូឌានព្រីមមៀរលីគ ដែលមាន៨ក្រុមកំពូលៗ។ Cambodia Airways Cup គឺក្រុមណាហ្គាវើលដ៍បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំក្រុមឈ្នះ រវាងក្រុមម្ចាស់ផ្ទះ បឹងកេត និងអង្គរថាយហ្គឺរ នៅរសៀលថ្ងៃទី១៦កុម្ភៈនេះ។
ចំពោះជីវប្រវត្តិសង្ខេបក្នុងអាជីពបាល់ទាត់កន្លងមក ឃឹម បូរី បានចូលរួមប្រឡូកក្នុងអាជីពបាល់ទាត់នៃក្លិបក្រសួងការពារជាតិ ដែលជាសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០, ឆ្នាំ២០១១ លេងនៅក្លឹបបាល់ទាត់ស៊ីសាកេត ប្រទេសថៃ (ក្នុងលក្ខខណ្ឌខ្ចីជើង), ឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ លេងនៅក្លិបភ្នំពេញក្រោន ពីឆ្នាំ២០១៥ និងចុងក្រោយលេងឲ្យណាហ្គាវើលដ៍ មុនពេលមកដឹនាំជាគ្រូបង្វឹក។ ជាប់ជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ (រកបាន១១គ្រាប់)។ ពានផ្ទាល់ខ្លួន ស្បែកជើងមាសលីគរដូវកាល ២០០៨ (ចំនួន១៨គ្រាប់)។ ពានរង្វាន់ក្លឹបឈ្នះលីគ រដូវកាល២០១៤ ជាមួយភ្នំពេញក្រោន, រងជើងឯក ពានរង្វាន់ AFC president cup ២០១១ជាមួយភ្នំពេញក្រោន, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន២០១០ ជាមួយក្រសួងការពារជាតិ, ឈ្នះពានលីគ ឆ្នាំ២០១៨ ជាមួយ ណាហ្គាវើលដ៍៕ ចាន់ វិចិត្រ







