កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនអ្នកលក់អនឡាញម្នាក់ តាមដីការបស់ប្រធានព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់ នៅចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបង្ករឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវឃាត់ខ្លួនឈ្មោះ សៅ លីឈីង អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលគេស្គាល់ថា ជាអ្នកលក់ផលិតផលអនឡាញ ។ ករណីសមត្ថកិច្ចចុះឃាត់ខ្លួនស្ដ្រីរូបនេះ គឺបានធ្វើឡើងតាមដីការបស់លោក លាវ ស្រេង ប្រធានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទញុះញង់ឱ្យមានការរើសអើង។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពេលដែលស្រ្តីលក់ឡេខាងលើ ចាកចេញពីផ្ទះឡើងលើរថយន្ត បំណងចេញទៅក្រៅ ។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ការចុះចាប់ឃាត់ខ្លួនស្ត្រីលក់អនឡាញនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មិនងាយចាប់ឃាត់ខ្លួនដែរ ប៉ុន្តែសមត្ថកិច្ច នៅតែធ្វើការឃាត់ខ្លួនបានដដែល ទោះបីជាស្ត្រីម្នាក់នេះព្យាយាមប្រតាយប្រតប់យ៉ាងណាក្ដី។
បច្ចុប្បន្ន ស្រ្តីខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធី ៕ ដោយ ប៊ុនធី




