លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសឡាវ នៅកម្ពុជាពីទី១៥-១៦ ខែកុម្ភៈ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានអញ្ជើញចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្ដល់ឧបករណ៍វេជ្ជសាស្រ្ដ និងវ៉ាក់សាំង ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៃជំងឺកូវីដ-១៩ រួមទាំងការបរិច្ចាគចុងក្រោយបង្អស់នូវទឹកប្រាក់ចំនួន១៣លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន វ៉ាក់សាំងស៊ីណូវ៉ាក និងរថយន្តដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងបរិយាកាសស្និទ្ធស្នាលនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរនៅក្នុងវិស័យនយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ ការតភ្ជាប់ផ្នែកដឹកជញ្ជូន កិច្ចការព្រំដែន ទេសចរណ៍ និងការអប់រំ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តដែលក្រសួងពាក់ព័ន្ធនានារបស់ខ្លួនកំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនការបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយទៀត។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ការធ្វើឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំនុចរបស់អាស៊ាន (5PC) តាមរយៈដំណើរទស្សនកិច្ចការងាររបស់សម្ដេច នៅមីយ៉ាន់ម៉ា។ ឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលឡាវ ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងការត្រៀមខ្លួនរបស់ឯកឧត្តម ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។

រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានាដែលមានផលប្រយោជន៍រួម និងបានសម្តែងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងវេទិកាពហុភាគីនានាផងដែរ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner