រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ៖ អ្នកវិនិយោគសិង្ហបុរី មានចំណាប់ អារម្មណ៍មកវិនិយោគពេលកម្ពុជា ទប់ស្កាត់ជំងឺកូវីដ១៩ បានល្អ និងបានបើកប្រទេសឡើងវិញ
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ថ្លែងថា អ្នកវិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ក្នុងពេលដែលកម្ពុជា ទប់ស្កាត់ជំងឺកូវីដ១៩បានល្អ និងបានបើកដំណើរការ ប្រទេស ឡើងវិញ ។
ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី បានឡើងបែបនេះ នៅក្នុងជំនួបសម្ដែង ការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ ឯកឧត្តម វីវៀន បានសម្ដែងនូវអំណរសាទរជូន ចំពោះសម្តេចតេជោ ដែលបានទទួលមេដាយសន្តិភាពស៊ុនហាក់ ដែលនេះជាការទទួលស្គាល់មិនត្រឹមតែប្រទេសកម្ពុជាទេ ឬនៅ ក្នុងតំបន់ទេ គឺទូទាំងពិភពលោក ។
ឯកឧត្តម ក៏បានសម្ដែងនូវការអបអរសាទរជូនសម្តេចតេជោ ដែល បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដោយកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើន ជាងគេនៅក្នុងតំបន់ និងច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ធ្វើឱ្យអត្រានៃការស្លាប់ ក៏មានទាបជាងគេដែរ ដែលនេះជាកត្តាធ្វើ ឲ្យកម្ពុជា អាចបើកប្រទេសដំណើរការឡើងវិញ បានឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរី ក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ជាពិសេស នៅលើវិស័យ ពាណិជ្ជកម្ម វិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យ ដឹកជញ្ជូនផងដែរ ។ ក្នុងន័យនេះ ឯកឧត្តម បានគោរពជម្រាប ជូនសម្ដេចតេជោថា សិង្ហបុរី បន្តគាំទ្រ និងពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ។
ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វីវៀន បាឡាគ្រីស្ហ្សណាន់ ដែលបានសម្ដែងការ អបអរសាទរជូនចំពោះសម្ដេច, ការនាំនូវការផ្តាំផ្ញើសួរ សុខ ទុក្ខពីឯកឧត្តមនាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណ ចំពោះសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ហើយ ចាត់ទុកកម្ពុជា ជាតំបន់សុវត្ថិភាព បើកការហោះហើរឡើងវិញ។
សម្តេចតេជោ បានលើកទឹកចិត្តឲ្យមានការជំរុញការវិនិយោគនៅ កម្ពុជាកាន់តែច្រើនជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។
ក្នុងជំនួបនោះ សម្តេចតេជោ ក៏បានជម្រាបជូនវីវៀន បាឡាគ្រីស្ហ្សណាន់ ផងដែរ អំពីគោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមាន៖ ទី១ គឺធ្វើយ៉ាងណាកាត់បន្ថយ ឬលុបបំបាត់អំពើហិង្សា តាម រយៈការឈប់បាញ់គ្នា, ទី២- រកវិធីផ្ដល់ជំនួយមនុស្សធម៌ ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣ គឺបង្កើតនូវការសន្ទនា ៕ ដោយៈ វណ្ណលុក








