ថវិកាគោលនយោបាយរបស់រាជរដ្ឋភិបាលជាង ៣០លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព ឧត្តមសេនីយ៍ មាស ពោន ដល់លំនៅដ្ឋាន ក្រុងសួង ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ថវិកាគោលនយោបាយរបស់រាជរដ្ឋភិបាលចំនួនជាង ៣០លានរៀល ត្រូវបាន ឧត្តម សេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បាននាំយកទៅផ្តល់ជូនលោកស្រី អ៊ឹម សុភាព ត្រូវជាភរិយានៃសពឧត្តមសេនីយ៍ មាស ពោន ដល់លំនៅដ្ឋាន ភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្រាប់រៀបចំធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងឲ្យបានសមរម្យ ។
សូមបញ្ជាក់ថា សពឧត្តមសេនីយ៍ត្រី ចូលនិវត្តន៍ មាស ពោន ជាអតីតនាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹងករងព្រៃវែង ដែលបានទទួលមរណៈភាព ចុងឆ្នាំ២០២១កន្លងទៅនេះដោយរោគាពាធ ។
ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បានពាំនាំនូវសមានចិត្តចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតចំពោះការបាត់បង់អតីតនាយទាហានជាន់ខ្ពស់មួយរូប ដែលមានគុណបំណាច់ ក្នុងបុព្វហេតុបម្រើសុខ សន្តិភាពនាពេលកន្លងមករហូតដល់ថ្ងៃអវសាន្តនៃ ជីវិតចុងក្រោយ ។
ឯកឧត្តមប្រធានប្រតិភូក៏បាន បញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ពិធីបុណ្យសពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា និងពីឯកឧត្តមអគ្គមេបញ្ជាការ ដែលជានិច្ចជាកាល សម្តេចទាំទ្វេរតែងបានគិតគូរនិង យកចិត្តទុកដាក់បំផុតចំពោះ សុខទុក្ខ របស់នាយ ពលទាហាន និងបានតម្លើងឋានន្តរសក្តិមួយថ្នាក់ មុននឹងយោធិនទាំងនោះ ចេញពីជួរទៅរស់នៅក្នុងជីវភាពស៊ីវិល ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទោះស្ថិតក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ហើយក៏ដោយ ៕ ប្រភព ៖ កងទ័ព




