ក្រុមគោព្រៃកម្ពុជា បន្ដជួប ហ្វីលីពីន ប្រកួតទី២ ម៉ោង៧យប់នេះ ពានរង្វាន់ AFF U23 Championship 2022 ពូល A
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U23 ហ្វីលីពីន នាវេលាម៉ោង ៧យប់នេះនៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងប្រកួតទី២ ពានរង្វាន់ AFF U23 Championship 2022 ពូល A ។
សម្រាប់ជំនួបជាមួយក្រុម U23 ហ្វីលីពីនយប់នេះ ប្រសិនបើកម្ពុជាដណ្ដើមបានជ័យជម្នះទៀត កម្ពុជានឹងមានភាគរយកាន់តែខ្ពស់ ក្នុងការឡើងទៅវគ្គបន្ដ នៃព្រឹត្តិការណ៍ប្រចាំតំបន់ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ បច្ចុប្បន្នកម្ពុជាកំពុងឈរកំពូលតារាង និងមាន ៣ពិន្ទុ ក្រោយយកឈ្នះប្រ៊ុយណេ ៦-០ កាលពីថ្ងៃបើឆាក ខណៈហ្វីលីពីន ស្មើគ្នា ជាមួយទីម័រខាងកើត ២ទល់២ មាន១ពិន្ទូដូចគ្នា ។
លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាបានលើកឡើងថា ក្នុងការប្រកួតជាមួយប្រ៊ុយណេ កូនក្រុមខ្លួនពិតជាធ្វើបានល្អ តែក៏មានរឿងជាច្រើនត្រូវធ្វើការកែតម្រូវបន្ថែមទៀតដែរ ។
រីឯលោក Keisuke Honda រំពឹងថា នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្តក្នុងការប្រកួតនេះ ដូចការប្រកួតជាមួយប្រ៊ុយណេ ។
សូមបញ្ជាក់ថា ការប្រកួត ១គូទៀត ក្នុងពូល A ដែរ រវាងក្រុមទីម័រខាងកើត និងប្រ៊ុយណេ នាវេលាម៉ោង ៤ល្ងាច នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នា ។ ចំនែកឯការប្រកួត នៅពូល C ល្ងាចមិញ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ថៃ បានយកឈ្នះ ក្រុម ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ សិង្ហបូរី ៣ទល់១ ៕ ចាន់ វិចិត្រ










