វៀតណាមឲ្យក្រុមហ៊ុន Pfizer ឆាប់បញ្ជូនវ៉ាក់សាំង ចាក់ដល់កុមារ
វៀតណាមជំរុញក្រុមហ៊ុន ភីហ្វៃហ្សឺ (Pfizer) បញ្ជូនវ៉ាក់សាំង ២២លានដូស ឲ្យបានឆាប់ ដើម្បីចាក់ជូនកុមារ អាយុចាប់ពី៥ទៅ ១២ឆ្នាំ ខណៈការឆ្លងប្រចាំថ្ងៃហក់ឡើងយ៉ាងគំហុក។ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បានស្នើដល់ប្រធានក្រុមហ៊ុន គឺលោក អាល់បឺត ប៊ូរឡា (Albert Bourla) ពន្លឿនការចែកចាយវ៉ាក់សាំង ២២លានដូស សម្រាប់កុមារ អាយុចាប់ពី៥ទៅ ១២ឆ្នាំ ឲ្យបានក្នុងពេលប៉ុន្មានថ្ងៃទៀត ជាមួយនឹងគោលដៅបញ្ជូនទៅតាមកិច្ចសន្យា ឲ្យរួចរាល់ ត្រឹមខែឧសភា ។
លោកនាយករដ្ឋមន្ត្រីបានប្រាប់ភាគីក្រុមហ៊ុន តាមទូរស័ព្ទបែបនេះកាលពីយប់ថ្ងៃទី១៥ កុម្ភៈ ដោយលោកបានផ្តោតលើការការពារកុមារ ខណៈវៀតណាមបានបើកសាលារៀនឡើងវិញទ្រង់ទ្រាយធំ។ ការជំរុញនេះបានធ្វើឡើង ខណៈដែលវៀតណាមបន្តឆ្លងប្រចាំថ្ងៃ កើនឡើងយ៉ាងគំហុក ក្នុងនោះប៉ុន្មានថ្ងៃចុងក្រោយនេះ ឆ្លងប្រចាំថ្ងៃ សុទ្ធតែជាង ៣ម៉ឺននាក់។ គិតត្រឹមព្រឹកថ្ងៃទី១៧ កុម្ភៈ ក្រសួងសុខាភិបាល វៀតណាម ថា ប្រទេសនេះមានអ្នកកើតកូវីដ សរុបកើនដល់ ២.៦០៦.៨២៤នាក់ អ្នកស្លាប់ ៣៩.១៨៨នាក់ ៕ សារ៉ាត

