នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃគឺចាប់ពី ថ្ងៃទី២៣-២៤ ខែកុម្ភៈ ខាងមុខនេះ
ភ្នំពេញ ៖ ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន កុប (Dato’ Sri Ismail Sabri bin Yaakob) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ដែលនឹងបង្ហាញអំពី មិត្តភាព សាមគ្គីភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃការប្រជុំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការត្រៀមលក្ខណៈរៀបចំបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីផ្នែកពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម ឈិន កេតនា មានប្រាសាសន៍ជម្រុញដល់តំណាងក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈរៀបចំបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ ឯកឧត្តម នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី នាពេលខាងមុខនេះ ឱ្យបានល្អប្រសើរ ទៅតាមផែនការដែលបានគ្រោងទុក ពិសេសការងារដែលបានពិភាក្សានៅក្នុងអង្គប្រជុំ ទៅតាមការកំណត់រូបភាពចាត់តាំង ព្រមទាំងបែងចែកភារកិច្ចជូន សាមីអង្គភាពដែលពាក់ព័ន្ធ ។
គួរបញ្ជាក់ថា ក្នុងដំណើរអញ្ជើញមកបំពេញទស្សកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ នៅពេលខាងមុខនេះ ឯកឧត្តម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូជាន់ខ្ពស់ គ្រោងនឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ និងអញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ស៊ីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅក្នុងព្រះបរមរាជវាំង និងបន្តអញ្ជើញក្នុងជំនួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជំនួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាណាចក្រកម្ពុជា និងចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងកិច្ចប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ៕ ដោយ ង៉ាន់ ទិត្យ


