បុរសម្នាក់ បើករថយន្តបែនដឹកដីធុនធំ១គ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តម៉ាក HYUDAI បែនដឹកដីធុនធំ១គ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូពេញទំហឹង រួចកិនចំក្បាលធ្លាយខួរ បណ្ដាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែង យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនិងផ្លូវមហាវិមានឈ្នះឈ្នះ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ដែលត្រូវរថយន្តបែនដឹកដីធុនធំបុកស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ រីឯ តៃកុងរថយន្តបង្ក មានឈ្មោះ ដុក ផល្លា អាយុ ២៩ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅម្ដុំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់បញ្តាញអប្សរាព័ត៌មាន (AMS) ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូ១គ្រឿង ម៉ាកគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភព 1 -6180 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណ:មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាក HYUDAI បែនដឹកខ្សាច់ធុនធំ១គ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7924 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិមានឈ្នះឈ្នះ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូអូសជាប់ទាំងម្ចាស់ម៉ូតូកិនចំក្បាលធ្លាយខួរស្លាប់ នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័មតែម្តង។ បន្ទាប់មកភ្លាមៗនោះ តៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅក្បែរនោះឃាត់ខ្លួន រួចប្រគល់ឱ្យប៉ុស្តិ៍ចោមចៅទី៣ រង់ចាំប្រគល់ឱ្យសមត្ថកិច្ចជំនាញក្រុងចាត់ការបន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់ឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner