អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះ ៦.៦ភាគរយក្នុងឆ្នាំ២០២០នេះ

អន្តរជាតិ៖ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក នឹងធ្លាក់ចុះ៦.៦ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែទទួលរងគ្រោះពីជំងឺ COVID-19 និងការបិទទ្វារសេដ្ឋកិច្ចដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ នេះបើតាមសារព័ត៌មាន Yahoo News ។
សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកបានបិទស្ទើរតែទាំងស្រុងក្នុងខែមីនា និងខែមេសាកន្លងមក នៅពេលពលរដ្ឋអាម៉េរិកសម្ងំនៅក្នុងផ្ទះ និង អាជីវកម្មនានាបិទទ្វារ ដើម្បីកុំឱ្យមេរោគឆ្លងរាលដាល ។

សេដ្ឋកិច្ចបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៥ ភាគរយនៅក្នុងត្រីមាស រាប់ពីខែមករាដល់ខែមីនា ហើយត្រូវគេរំពឹងថា នឹងធ្លាក់ចុះ៣៥ភាគរយពីខែមេសាដល់ខែមិថុនា ។ ក្រុមនិយោជកបានកាត់បន្ថយការងារចំនួន២០.៨លានក្នុងខែមេសា ប៉ុន្តែបាននាំមកវិញនូវនិយោជិតចំនួន៧.៥លាននាក់ក្នុងខែឧសភា និងខែមិថុនា នៅពេលរដ្ឋនានាបានចាប់ផ្តើមឱ្យបើកអាជីវកម្មឡើងវិញ ។

បច្ចុប្បន្នអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានរំពឹងថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក នឹងស្ទុះងើបឡើងវិញដល់៣.៩ភាគរយនៅឆ្នាំក្រោយ ។ ប៉ុន្តែអត្រាគ្មានការងារធ្វើ ១១.១ភាគរយក្នុងខែមិថុនា នឹងនៅតែកើនឡើងជាមធ្យម៧.៤ភាគរយ ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២១ខាងមុខ ។ ក្នុងខែកុម្ភៈ មុនពេលជំងឺរាតត្បាតរាលដាលយ៉ាងលឿននៅសហរដ្ឋអាម៉េរិក អត្រាគ្មានការងារធ្វើមានកម្រិតទាបជាប្រវត្តិសាស្ត្រគឺ៣.៥ភាគរយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner