ការនាំចេញទំនិញ និង សេវាកម្មរបស់កូរ៉េខាងត្បូងធ្លាក់ចុះ១៦.៦ភាគរយ ដែលជាតួទាបអបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ១៩៦៣
កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងបានកត់ត្រានូវវិបត្តិសេដ្ឋកិច្ចជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៣ នៅក្នុងត្រីមាសដែលបញ្ចប់ទៅកាលពីខែមិថុនា ស្របពេលដែលការរឹតត្បិតផ្នែកសុខភាព ដើម្បីទប់ស្កាត់ COVID-19 បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងតម្រូវការលើសកលលោក នេះបើតាមសារព័ត៌មាន CGTN ។
ការនាំចេញទំនិញ និងសេវាកម្មពីប្រទេសសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មនេះ បានធ្លាក់ចុះ១៦.៦ភាគរយ ដែលជាតួលេខមិនល្អបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ១៩៦៣ ។ ចំនួននេះ គឺជិតស្មើ៤០ភាគរយនៃផលិតផលជាតិសរុប (Nominal GDP) បើធៀបនឹងកាលពីឆ្នាំមុន ។
បើតាមធនាគារកណ្តាល BOK ផលិតផលក្នុងស្រុកសរុប GDP បានថយចុះ៣.៣ ភាគរយក្នុងត្រីមាសខែមិថុនា បន្ទាប់ពីបានធ្លាក់ចុះ១.៣ភាគរយនៅក្នុងត្រីមាសមុន និងអាក្រក់ជាងការធ្លាក់ចុះ២.៣ភាគរយដែលបានអង្កេតនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទៅទៀត ។
សូមរំលឹកផងដែរថា កាលពីមួយឆ្នាំមុន សេដ្ឋកិច្ចកូរ៉េខាងត្បូងបានធ្លាក់ចុះ២.៩ភាគរយ នៅក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា ដែលផ្ទុយស្រឡះពីកំណើន១.៤ភាគរយដែលគេមើលឃើញកាលពី៣ខែមុននោះ និង ធ្លាក់ចុះខ្លាំងជាងការព្យាករណ៍អំពីការធ្លាក់ចុះ ២.០ភាគរយនៅក្នុងការស្ទង់មតិទៅទៀត ៕





