ចិន៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតនឹងមិនអាចជួយដោះស្រាយស្ថានការណ៍អ៊ុយក្រែនបានទេ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការផ្សព្វផ្សាយព័ត៌មានមិនពិត នឹងមិនអាចជួយដោះស្រាយ ស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែនបាននោះទេ។
លោក វ៉ាង បានបន្ថែមថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹង ប្រែង ស្របតាមទិសដៅ និងស្មារតីនៃកិច្ចព្រមព្រៀង Minsk ឆ្នាំ ២០១៥។
ការកត់សម្គាល់បែបនេះរបស់លោក វ៉ាង បានធ្វើឡើងបន្ទាប់ ពីទីក្រុងម៉ូស្គូបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបា ន ផ្សព្វផ្សាយ ព័ត៌មានមិនពិតអំពី “ការឈ្លានពាន”របស់រុស្ស៊ី នៅអ៊ុយក្រែន ដោយអះអាងថា ហានិភ័យនៃ “ការឈ្លានពាន” បន្ថែមទៀតរបស់រុស្ស៊ីនៅតែមាន។
នៅថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បានចំអកឱ្យចក្រភពអង់គ្លេស និងសហរដ្ឋ អាមេរិក ដោយនិយាយថា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រ ខណៈដែលថ្ងៃដែលការ ឃោសនា សង្រ្គាមលោកខាងលិចបានបរាជ័យ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានបញ្ចេញវីដេអូដែលបង្ហាញពីរថក្រោះត្រូវបានដកចេញពីអ៊ុយក្រែនហើយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាមិនមានឧបករណ៍យោធាទៀតទេនៅតំបន់ឧបទ្វីបគ្រីមៀ បន្ទាប់ពីសមយុទ្ធ។
ជុំវិញការអះអាងនេះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ទ្រូសស៍ បានបញ្ជាក់កាលពីថ្ងៃពុធថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ជនជាតិរុស្ស៊ីកំពុង ដកខ្លួនចេញពីតំបន់ព្រំដែនក្បែរអ៊ុយក្រែននោះទេ៕ ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា