ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុងប៉ារីស

ភ្នំពេញ៖ តបតាមការអញ្ជើញរួមគ្នារបស់ឯកឧត្តម Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងឯកឧត្តម Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានររបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងឋានៈជាតំណាងជាន់ខ្ពស់របស់កម្ពុជា ដែលជាប្រទេសប្រធានអាស៊ានឆ្នាំ២០២២ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាបើក និងចូលរួមវេទិកាតុមូលស្តីពីសន្តិសុខ និងកិច្ចការពារជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរវាងបារាំង និងរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស ឯកឧត្តម ប្រាក់ សុខុន នឹងជួបប្រជុំដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត ដូចជា លោកជំទាវ Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា ឯកឧត្តម Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆេក និងលោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងឆ្លៀតឱកាសពីការស្នាក់នៅទីក្រុងប៉ារីសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទីនោះផងដែរ។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចនេះ ដែលជាលើកទីមួយរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ មានគោលបំណងដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អផូរផង់ និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ែរឡាំងផងដែរ។

បន្ទាប់មក ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងជួបពិភាក្សាផ្លូវការជាមួយ ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី ដែលក្នុងពេលនោះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចូលរួមក្នុងពិធីសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងអង់ការ៉ា និងធ្វើជាសហប្រធានរៀបចំពិធីជប់លៀងជាមួយឯកអគ្គរដ្ឋ/រាជទូតអាស៊ាននៅទីក្រុងអង់ការ៉ា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner