មហោស្រពគីហ្សូណាជប៉ុន -កម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ “គីហ្សូណានៅក្បែរអ្នកជានិច្ច” ត្រូវបានប្រារព្ធបើក ក្រោមវត្តមានឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា
រាជធានីភ្នំពេញ៖ មហោស្រពគីហ្សូណាជប៉ុន -កម្ពុជា ឆ្នាំ២០២២ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី ជប៉ុន-កម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ ។ ដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានធ្វើការរៀបចំមហោស្រពនេះក្នុងរូបភាពចម្រុះ គឺនៅទីតាំងផ្ទាល់ផង និងតាមអនឡាញផង ។
មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២២ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយពិធីបើកត្រូវបានប្រព្រឹត្តទៅក្រោមអធិឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។
គួររំលឹកផងដែរមហោស្រពគីហ្សូណាត្រូវបានចាប់ផ្តើមឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១២មក បន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំដោយសារកូវីដ-១៩ ដូចនេះព្រឹត្តការណ៍មហោស្រពគីហ្សូណាជប៉ុន -កម្ពុជាឆ្នាំ២០២២ ពិតជាបង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៍ស្អិតរមួតរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន មិនងាយកាត់ផ្តាច់បាន ដែលតែងតែជួយគ្នាទៅវិញទៅមកជានិច្ច ។ ម៉្យាងវិញទៀតតាមរយៈមហោស្រពនេះ គឹជាសក្ខីភាពបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ និងស៊ីជម្រៅ លើវិស័យវប្បធម៌ និងអប់រំ របស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាំងពីអតីតកាល បច្នុប្បន្ន និងអនាគត ៕ ដោយ៖ រ៉ាវុធ