ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ និងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា មួយចំនួនធំ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រីចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំ ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលចុះបង្រ្កាបដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីរបស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក និង លោកលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះអនុវត្តដីកាសម្រេចញុះញុងឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ម្នាក់ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត វត្តុតាងដកហូតមាន៖១/-ម្សៅក្រាមសថ្លា ២ដុំ,២/-ទូរស័ព្ទចំនួន១ គ្រឿង។
លោកស្នងការរងបានបញ្ជាក់ថា៖ ក្រោយពីការសួនាំជនសង្ស័យឈ្មោះ អូន ប៊ុនថេត កម្លាំងនគរបាលយើងបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្តុតាងដកហូតមាន៖ ១/-ម្សៅក្រាមសថ្លា ១ដុំ, ២/-ទូរស័ព្ទចំនួន ១ គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់ ថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន០២ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងសួរនាំនៅការិយាល័យប្រឆាំងគ្រឿញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕ ដោយ៖ ឃិន គន្ធា