ឯកឧត្តម សាយ សំអាល់ ៖​យុវជនត្រូវចេះទាញយកបច្ចេកវិទ្យានិង ការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯងនិងប្រទេសជាតិ ខ្លួនឯង

ភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថាយុវជនកម្ពុជាត្រូវចេះទាញយកបច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯងនិងប្រទេសជាតិខ្លួនឯង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៅព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងបន្ថែមថា អ្វីដែលរៀននៅ សាលាគឺមិនសំដៅតម្រូវនរណាម្នាក់ទេ គឺសំដៅតម្រូវទាំងអស់គ្នា ហើយយើងត្រូវចេះយល់ច្បាស់អ្វីដែលគេបានបង្រៀននៅក្នុងមេរៀនទាំងអស់នោះ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់មូលដ្ឋាន បច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាគោល ដែលយើងអាចធ្វើបានដោយ ខ្លួន ឯង។ លើសពីនេះ យុវជនត្រូវមានការជឿជាក់លើខ្លួនឯង ហើយមានជំហរមួយជឿថាខ្មែរធ្វើបាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងសម័យតេជោ សន្តិភាព កម្ពុជាមានឱកាសនិងលទ្ធភាពដូចបណ្តាប្រទេស ដទៃ ទៀតដែរ ក្នុងការក្រសោបទាញប្រយោជន៍ពីការរីកចំរើន នៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មរបស់ឧស្សាហកម្ម ៤.០។ ក្នុងនោះដែរ កម្ពុជាមានឱកាសស្មើគ្នាជាមួយប្រទេសនានា ក្នុងការឈានទៅរកឧស្សាហកម្ម ៤.០ ស្របតាមចក្ខុវិស័យនៃ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាចូលក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឲ្យយុវជនកម្ពុជា ជាពិសេសយុវសិស្សនៅតាមគ្រឹះស្ថានសិក្សាត្រូវមាន ប្រឹងប្រែង សិក្សានិងចាប់យកឱកាសនៃការរិវឌ្ឍនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ឧត្តមប្រយោជន៍របស់សង្គមកម្ពុជា ឆ្ពោះទៅប្រែក្លាយ សេដ្ឋកិច្ចកម្ពុជា ពីប្រទេសឧស្សាហកម្មបែបប្រពៃណីទៅរក ឧស្សាហកម្មទំនើប។

សូមបញ្ជាក់ថានៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាប្រវត្តិសាស្រ្ត នេះដែរ ក៏មានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធី អប់រំ ៤.០ រវាង សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ ជាមួយស្ទីមមីង ខេមបូឌា និងវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀន ជំនាន់ថ្មី វិទ្យាល័យព្រែកលៀប វិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ អង្គការសប្បុរសធម៌ឡៃហ្គ័រ ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner