គ.ជ.ប ជូនដំណឹងពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាង របស់ខ្លួនដើម្បីបំពេញកិច្ចការមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាង ដើម្បីចុះហត្ថលេខាលើពាក្យសុំ ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំងអស់ជ្រាបថា គណបក្សកែទម្រង់កម្ពុជា បានផ្ញើលិខិតមក គ.ជ.ប ស្តីពីការផ្ទេរសិទ្ធិរបស់ ប្រធានគណបក្សកែទម្រង់កម្ពុជា ជូនប្រធាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ក្នុងការចុះហត្ថលេខាលើ “ ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ “ និង “ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ” ក្នុងក្របខ័ណ្ឌរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ទទួលបានសេចក្តីជូនដំណឹងនេះ គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ អ៊ិត រ៉ាវុធ