សិក្ខាកាមជាង ៨០០នាក់ បានចូលរួមសិក្ខាសាលានៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប តាមប្រព័ន្ធ online

ខេត្តកំពត ៖ នៅមន្ទីរសុខាភិបាលខេត្តកំពតព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានរៀបចំសិក្ខាសាលា នៃពិធីទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ក្រោមធិបតីភាពបើកតាមប្រព័ន្ធ(Zoom) ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។

សិក្ខាសាលានេះ មានរយៈពេលពេញមួយថ្ងៃ មានការចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគ្រូពេទ្យ មកពី ២៥រាជធានី ខេត្ត តំណាងក្រុមហ៊ុនឱសថ និងអ្នកពាក់ព័ន្ធចូលរួមដោយប្រយោលតាមប្រព័ន្ធអនឡាញក្នុងទូទាំងប្រទេសសរុបប្រមាណជាង ៨០០នាក់។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានឲ្យដឹងថា គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីជាការជួបជុំបង្ហាញនិងជំរុញការលើកកំពស់ពីវឌ្ឍនភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត សំដៅ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពគុណភាព បង្កើននូវគុណវុឌ្ឍ ក្រមសីលធម៌ នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាព នៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ក៏ដូចជាការចូលរួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈនិងឯកជន។

លោក វេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក៏បានចាត់ទុក អង្កសិក្ខាសាលាដ៏មានសារៈសំខាន់នេះ គឺជាការរួមចំណែក កសាងសមត្ថភាព និងធនធានមនុស្ស ដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព នឹងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់សេវា ផងដែរ ។

តាមរយៈប្រព័ន្ធ online ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ មានប្រសាសន៍ថា ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈគ្រូពេទ្យ គឺចាំបាច់ គ្រូពេទ្យទាំងអស់ត្រូវបំពេញករណីយកិច្ចវិជ្ជាជីវៈ មិនអាចខ្វះបាន ព្រោះថាគ្រូពេទ្យមិនមែនជាការរកស៊ីទេ ។ គ្រូពេទ្យត្រូវមានសមត្ថភាពជំនាញ ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីធានា ការថែទាំ ការព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ ទាំងគុណភាពប្រសិទ្ធភាព និងសុវត្ថិភាព ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner